បាល់ទាត់អន្តរជាតិ
Ivan Rakitic កោតសរសើរចំពោះសមិទ្ធិផល និងការដឹកនាំរបស់ក្លឹប Real Madrid ដែលល្អប្រសើរជាង Barcelona
អតីតកីឡាករឆ្នើមរបស់ក្លឹបអ្នកមានបុណ្យ Barcelona គឺខ្សែបម្រើ Ivan Rakitic ដែលបច្ចុប្បន្នលេងឲ្យក្លឹបរបស់អារ៉ាប៊ីសាអូឌីត Al-Shabab បានចែករំលែកពីទស្សនៈយល់ឃើញរបស់គាត់អំពីរបៀបដែលក្លឹប Real Madrid កែលម្អររចនាសម្ព័ន្ធ និងការដឹកនាំរបស់ប្រធានក្លឹបដែលគួរឲ្យកោតសរសើរ។
ខ្សែបម្រើសញ្ជាតិក្រូអាតរូបនេះបាននិយាយថា៖ “វាដូចជាកាលនៅក្មេង អ្នកមានមិត្តស្រី ហើយអ្នកមិនសូវយកចិត្តទុកដាក់ចំពោះនាងទេ ប៉ុន្តែអ្នកមិនដឹងឡើយរហូតដល់បាត់បង់នាង។ Real Madrid អាចធ្វើអ្វីៗគ្រប់យ៉ាងបានយ៉ាងល្អបន្តិចម្តងៗ ប៉ុន្តែ Barcelona ប្រហែលជាលឿនពេកហើយ។ ខ្ញុំជឿជាក់ថា Gavi និង Pedri នឹងក្លាយជាអនាគតនៃកីឡាករឆ្នើមរបស់ Barcelona និងក្រុមជម្រើសជាតិអេស្ប៉ាញ ប៉ុន្តែខ្ញុំគិតថា ជំនួយរបស់យើងក្នុងនាមជាកីឡាករចាស់វស្សា នឹងល្អសម្រាប់ពួកគេ”។
Ivan Rakitic បានបន្ថែមទៀតថា៖ “សម្រាប់ Real Madrid វិញ? ពួកគេបានធ្វើរឿងត្រឹមត្រូវ ដើម្បីកសាងក្រុមដ៏រឹងមាំមួយ ក្នុងរយៈពេលប៉ុន្មានឆ្នាំ។ ខ្ញុំនិយាយដោយការគោរពបំផុត ព្រោះពួកគេជាគូប្រជែងរបស់ខ្ញុំជាច្រើនឆ្នាំមកហើយ ប៉ុន្តែការមើលឃើញនូវអ្វីដែលលោក Florentino Perez សម្រេចបាន អ្នកត្រូវតែផ្តល់ការកោតសរសើរទៅគាត់។ ពួកគេកំពុងទទួលបានអ្វីដែលពួកគេចង់បាន។ គម្រោងផែនការច្បាស់លាស់របស់ពួកគេ, ប្រធានក្លឹបមិនតែងតែយល់ឃើញត្រឹមត្រូវរហូតទេ ប៉ុន្តែគាត់យល់ត្រូវក្នុងការសម្រេចចិត្តរបស់គាត់ ជាមួយនឹងកីឡាករ ជាមួយនឹងក្រុមទាំងមូល និងជាមួយអ្វីគ្រប់យ៉ាងដែលនៅជុំវិញគាត់។ គាត់ត្រូវតែទទួលបានការកោតស្ញប់ស្ញែង”។
ប្រភព: Dailysports