Connect with us

បាល់ទាត់អន្តរជាតិ

Xavi នឹង​ទទួល​បាន​តួនាទី​ថ្មី​មួយ ដើម្បី​បន្ត​នៅ Barcelona

Published

on

យោងតាម​ការ​ចុះ​ផ្សាយ​របស់ Barca Reservat នៅ​លើ​វិទ្យុ Catalunya បាន​ឲ្យ​ដឹង​ថា គ្រូបង្វឹក​របស់​ក្លឹប Barcelona លោក Xavi Hernandez នឹង​ត្រូវ​បាន​គេ​ផ្តល់​មុខ​តំណែង​ថ្មី​មួយ នៅ​ក្នុង​រចនា​សម្ព័ន្ធ​របស់​ក្លឹប​បច្ចុប្បន្ន​មួយ​នេះ បន្ទាប់​ពី​គាត់​លា​ឈប់​ធ្វើ​ជា​គ្រូ​បង្វឹក​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​ខាង​មុខ។

យ៉ាង​ណា​មិញ​លោក Xavi Hernandez បាន​ចូល​មក​ដឹកនាំ​ក្លឹប Barcelona កាល​ពី​ខែវិច្ឆិកា ឆ្នាំ 2021។ គ្រូ​បង្វឹក​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​បាន​ស្ដារ​នូវ​ទម្រង់​លេង​របស់​ក្រុម​ដែល​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​យ៉ាប់​យ៉ឺន និង​បន្ត​ស្នាដៃ ដោយ​បាន​ឈ្នះ​ពាន​លីគ​ក្នុង​រដូវកាល​បន្ទាប់​ឆ្នាំ 2022/2023។ រដូវកាល​នោះ​ដដែល គាត់​ក៏​បាន​ឈ្នះពាន Super Cup ជាមួយ​ក្លឹប​ផង​ដែរ។

ទោះ​ជា​យ៉ាង​ណា កាល​ពី​ប៉ុន្មាន​ខែ​មុន Xavi Hernandez បាន​ប្រកាស​ពី​ការ​សម្រេច​ចិត្ត​ចាកចេញ​ពី​តំណែង​របស់​គាត់​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ ប៉ុន្តែ​ស្រប​ពេល​ជាមួយ​គ្នា​នោះ​មិន​មាន​នរណា​ម្នាក់​បាន​ដឹង​ពី​ជំហាន​បន្ទាប់​របស់​បុរស​វ័យ 44 ឆ្នាំ​រូប​នេះ​ឡើយ។

ដោយ​ផ្អែក​លើ​ព័ត៌មាន​ពី​ប្រភព​ច្បាស់លាស់​មួយ​ខាង​លើ បាន​ឲ្យ​ដឹង​ថា Xavi នឹង​មិន​ចាកចេញ​ពី Barcelona ទេ ដោយ​គាត់​នៅ​តែ​ជា​ផ្នែក​មួយ​របស់​ក្លឹប។ លោក Joan Laporta ដែល​ជា​ប្រធាន​ក្លឹប​សង្ឃឹម​ថា នឹង​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ Xavi ហើយ​ត្រៀម​ផ្តល់​ជូន​គាត់​នូវ​តួនាទី​ជា​ឯក​អគ្គរដ្ឋ​ទូត​សម្រាប់​មូលនិធិ​របស់ Barcelona ដែល​កាន់​ការងារ​ជាមួយ​លោក Alex Roca។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២