បាល់ទាត់អន្តរជាតិ
Toni Kroos សម្រេចចិត្តបន្តកុងត្រាថ្មីជាមួយ Real Madrid ដល់ឆ្នាំ 2025
ខ្សែបម្រើសញ្ជាតិអាឡឺម៉ង់របស់ក្លឹប Real Madrid គឺកីឡាករ Toni Kroos បានយល់ព្រមលើការបន្តកុងត្រាថ្មីជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួនហើយ ខណៈដែលកុងត្រារបស់គាត់នឹងផុតកំណត់នៅពេលប៉ុន្មានខែខាងមុខ។ កីឡាករឆ្នើមរូបនេះនឹងបន្តនៅ Real Madrid រហូតដល់រដូវក្តៅឆ្នាំ 2025 (នេះបើយោងតាមការអះអាងរបស់អ្នកកាសែតល្បីឈ្មោះគឺលោក Fabrizio Romano)។
ថ្វីត្បិតតែមានអាយុច្រើនបន្តិចក៏ដោយ Toni Kroos នៅតែជាកីឡាករដែលមានទម្រង់លេងល្អ និងជាចំណែកមួយដ៏សំខាន់របស់ក្រុម។ នៅរដូវកាលនេះ គាត់បានបង្ហាញខ្លួនសរុប 38 ប្រកួត ដោយរួមចំណែកស៊ុតបញ្ចូលទីបាន 1 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 7 ដង។
គួរដឹងផងដែរថា Toni Kroos បានលេងឲ្យក្លឹប Real Madrid តាំងពីឆ្នាំ 2014 មកម្ល៉េះ ដោយពេលនោះគាត់ផ្ទេរពីក្លឹបអាឡឺម៉ង់ Bayern Munich។ រស់ក្នុងទ្រនំជាមួយ Real Madrid តាំងពីពេលនោះមកដល់បច្ចុប្បន្នគាត់បានឈ្នះពាន UCL ចំនួន 4 ដង និង UEFA Super Cups 4 ដងដូចគ្នា។ គាត់ក៏បានឈ្នះពានលីគអេស្ប៉ាញ La Liga 3 ដង និង Copa del Rey ម្ដងជាមួយក្លឹបផងដែរ។
ប្រភព: Telecomasia