បាល់ទាត់អន្តរជាតិ
ក្លឹប Nice បង្ហាញឲ្យដឹងពីតម្លៃលក់ Jean-Clair Todibo
ក្លឹបរបស់លីគកំពូលនៃប្រទេសបារាំង Nice ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការអនុញ្ញាតឲ្យ Jean-Clair Todibo ចាកចេញក្នុងតម្លៃ 40 លានផោន នៅរដូវក្តៅខាងមុខ ខណៈដែលខ្សែការពាររូបនេះត្រូវបានក្លឹបបិសាចក្រហម Manchester United និង Tottenham Hotspur កំពុងចង់បានជាខ្លាំង។
បើទោះបីជាមិនត្រូវបានជ្រើសរើសសម្រាប់ការកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំងពីសំណាក់លោក Didier Deschamps ក្នុងការប្រកួតមិត្តភាពកាលពីពេលថ្មីៗនេះក៏ដោយ ខ្សែការពាររូបនេះកំពុងបង្ហាញនូវសក្តានុពល ជាមួយនឹងទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍ខ្លាំង។
Todibo បានបង្ហាញខ្លួន 20 លើក នៅក្នុងការប្រកួត Ligue 1 របស់ក្លឹប Nice សម្រាប់រដូវកាល 2023-2024 នេះ។ ខ្សែការពារវ័យក្មេងសញ្ជាតិបារាំងរូបនេះ បានបង្កើតភាពជាដៃគូនៅតំបន់ការពារកណ្តាលដ៏ល្អជាមួយ Dante ដែលជាខ្សែការពារជើងចាស់របស់ប្រេស៊ីលផងដែរ។
យោងតាមគេហទំព័រ talkSPORT បានឲ្យដឹងថា ក្លឹប Nice បានបង្ហាញពីតម្លៃនៃការលក់ Todibo ទៅឲ្យក្លឹបមួយចំនួនបានដឹងហើយ ដែលមានចំនួន 40 លានផោន ហើយតម្លៃនេះនឹងទាក់ទាញភ្នែករបស់ក្លឹបកំពូលៗជាច្រើន ជាពិសេសគឺក្លឹប Manchester United និងមាន់ខ្នាយមាស Tottenham Hotspur។
ប្រភព: Sportsmole