Connect with us

បាល់ទាត់អន្តរជាតិ

បេក្ខភាព​គ្រូ​បង្វឹក​ថ្មី ដែល​នឹង​មក​ដឹកនាំ​នៅ Liverpool រដូវកាល​ក្រោយ!!!

Published

on

លោក Ruben Amorim ដែល​ជា​គ្រូបង្វឹក​របស់​ក្លឹប Sporting Lisbon កំពុង​ក្លាយ​ជា​បេក្ខភាព​នាំមុខ​គេ​សម្រាប់​តំណែង​ជា​គ្រូ​បង្វឹក​ថ្មី​របស់​ក្លឹប​ហង្សក្រហម Liverpool (នេះ​បើ​យោងតាម​សេចក្ដី​រាយការណ៍​របស់​អ្នក​កាសែត​លោក Fabrizio Romano)។

សូម​រំលឹក​ផង​ដែរ​ថា កាល​ពី​មួយ​រយៈមុន​លោក Jurgen Klopp បាន​ប្រកាស​រួច​ហើយ​ពី​ការ​សម្រេច​ចិត្ត​របស់​គាត់ ក្នុង​ការ​ចាកចេញ​ពី​ក្លឹប​ហង្សក្រហម​ Liverpool នៅ​ចុង​រដូវកាល 2023/2024 ខាង​មុខ បន្ទាប់​ពី​ចំណាយ​រយៈពេល 9 ឆ្នាំ ជាមួយ​ក្លឹប​យក្ស​របស់​អង់គ្លេស​មួយ​នេះ។

គេ​បាន​ដឹង​ថា Liverpool បាន​បោះបង់​គំនិត​នៃ​ការតែង​តាំង​លោក Xabi Alonso ជា​គ្រូ​បង្វឹក បន្ទាប់​ពី​បុរស​វ័យ 42 ឆ្នាំ​រូប​នេះ សម្រេច​ចិត្ត​រួម​រស់​ជាមួយ Bayern Leverkusen ដល់​រដូវកាល​ក្រោយ​។ បេក្ខភាព​គ្រូ​បង្វឹក​ថ្មី​របស់ Liverpool ឥឡូវ​នេះ​បាន​បង្វែរ​គោលដៅ​ទៅ​លើ Ruben Amorim វិញ​ម្ដង ដែល​បច្ចុប្បន្ន​គ្រូ​បង្វឹក​រូប​នេះ​កំពុង​ដឹកនាំ​នៅ Sporting Lisbon។

Ruben Amorim គឺ​ជា​គ្រូ​បង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់ ដែល​នៅ​មាន​កុងត្រា​ជាមួយ​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន ហើយ​ប្រសិន​បើ Liverpool ចង់​បាន​គាត់​ទៅ​ដឹកនាំ​នោះ ពួក​គេ​នឹង​ត្រូវ​ចំណាយ 15 លានអឺរ៉ូ ក្នុង​ការ​ទិញ​ផ្ដាច់​កុងត្រា​របស់​គាត់។ Ruben Amorim បាន​ធ្វើ​ជា​គ្រូ​បង្វឹក​របស់​ក្លឹប Sporting តាំង​ពី​ឆ្នាំ 2020 មក​ម្ល៉េះ។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២