បាល់ទាត់អន្តរជាតិ
ក្លឹប Atletico Madrid ចាប់អារម្មណ៍ខ្លាំងលើខ្សែប្រយុទ្ធកណ្ដាល Artem Dovbyk

ខ្សែប្រយុទ្ធឆ្នើម Artem Dovbyk របស់ក្លឹប Girona កំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីក្លឹប Atletico Madrid។ យោងតាមប្រភពពី Elgoldigital បានឲ្យដឹងថា ក្លឹបដែលជាបងធំទី 3 របស់អេស្ប៉ាញ Atletico Madrid កំពុងរៀបចំផែនការផ្ទេររុះរើនៅរតំបន់ប្រយុទ្ធរបស់ខ្លួននារដូវក្តៅខាងមុខនេះ។
យ៉ាងណាមិញ ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយក្រែន Artem Dovbyk ដែលមានទម្រង់លេងដ៏លេចធ្លោរនោះ គេបានដឹងថា នឹងមានតម្លៃខ្លួនយ៉ាងហោចណាស់ 28 លានអឺរ៉ូ។ នេះជាតម្លៃដែលកំណត់ដោយក្លឹបនៅតំបន់កាតាឡាន់ Girona សម្រាប់ខ្សែប្រយុទ្ធឆ្នើមរបស់ពួកគេ។
គួរដឹងផងដែរថា Artem Dovbyk ទើបតែបានចូលរួមជាមួយ Girona កាលពីរដូវក្តៅឆ្នាំមុនប៉ុណ្ណោះ ដោយផ្ទេរពីក្លឹបអ៊ុយក្រែន Dnipro-1។ ពួកគេបានចំណាយប្រាក់លើគាត់ត្រឹមតែ 8 លានអឺរ៉ូប៉ុណ្ណោះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះ ខ្សែប្រយុទ្ធរូបនេះរកបានគ្រាប់បាល់ស៊ុតបញ្ចូលទី 15 គ្រាប់នៅរដូវកាលនេះ និងជាពិសេស Dovbyk បានស៊ុតបញ្ចូលទី Hat-trick ពេលលេងទល់នឹងក្រុមខ្លាំង Sevilla កាលពីពេលកន្លងទៅទៀតផង។
ប្រភព: Dailysports