Connect with us

បាល់ទាត់អន្តរជាតិ

Cristiano Ronaldo ប៉េណាល់ទី​អត់​ចូល ប៉ុន្តែ​ព័រទុយហ្គាល់ នៅ​តែ​ឡើង​ទៅ​វគ្គ 8 ក្រុម​ចុង​ក្រោយ

Published

on

ការ​ប្រកួត​វគ្គ 16 ចុង​ក្រោយ កាល​ពី​រំលង​អាធ្រាត​យប់​មិញ​នៃ​ព្រឹត្តិការណ៍ Euro 2024 បាន​ធ្វើ​ឡើង​នៅ​ទីក្រុង Frankfurt ដែល​ជា​ការ​ប៉ះ​គ្នា​រវាង​ព័រទុយហ្គាល់ និង​ស្លូវេនី។ ការ​ប្រកួត​រវាង​ក្រុម​ទាំង 2 គឺ​ជា​ការ​ប្រកួត​ដ៏​តាន​តឹង​បំផុត ដែល​អូស​បន្លាយ​ពេល​រហូត​ដល់​ម៉ោង​បន្ថែម 15 នាទី 2 ដង និង​រហូត​ដល់​វគ្គ​ប៉េណាល់ទី​កាត់​សេចក្ដី។

នៅ​ម៉ោង​បន្ថែម ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ស្ទើរ​តែ​មាន​ឱកាស​ឈ្នះ 1-0 ទៅ​លើ​គូ​ប្រកួត​របស់​ខ្លួន ស្លូវេនី ទៅ​ហើយ ខណៈ​ដែល ពួក​គេ​មាន​ឱកាស​ទទួល​បាន​បាល់​ពិន័យ 11 ម៉ែត្រ ប៉ុន្តែ​ការ​ទាត់​បាល់​ពិន័យ​មិន​បាន​សម្រេច​ពី​កាពីតែន​ក្រុម Cristiano Ronaldo ដោយ​សង្គ្រោះ​បាន​ពី​អ្នកចាំទី Jan Oblak។

ទោះ​ជា​យ៉ាង​ណា ចុង​ក្រោយ​ ស្លូវេនី នៅ​តែ​ជៀស​មិន​ផុត​ពី​ការ​បរាជ័យ ដោយ​ការ​ទាត់​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី​ពួក​គេ​ស៊ុត​មិន​ចូល​សូម្បី​តែ 1 គ្រាប់ ពោល​គឺ ពួក​គេ​បាន​ខកខាន​ស៊ុត​មិន​ចូល​តាំង​ពី​គ្រាប់​ទី 1 រហូត​ដល់​គ្រាប់​ទី 3។ អ្នក​ចាំទី Diogo Costa របស់​ព័រទុយហ្គាល់ បាន​បង្ហាញ​ពី​ការ​ចាប់​បាល់​ប៉េណាល់ទី​ដ៏​អស្ចារ្យ និង​ក្លាយ​ជា​ចំណែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​នាំ​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន​ឲ្យ​ឡើយ​ទៅ​វគ្គ​បន្ទាប់។

គួរ​ដឹង​ផង​ដែរ​ថា ព័រទុយហ្គាល់ ដែល​បាន​ឡើង​ទៅ​កាន់​វគ្គ 8 ក្រុម​ចុង​ក្រោយ នឹង​ត្រូវ​ជួប​ជា​មួយ​នឹង បារាំង ដោយ​ការ​ប្រកួត​នឹង​ធ្វើ​ឡើង​ទៅ​ថ្ងៃ​ទី 06 ចុង​សប្ដាហ៍​នេះ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២