បាល់ទាត់អន្តរជាតិ
Manchester City និង Juventus ចាប់អារម្មណ៍លើកីឡាករម្នាក់របស់ Villarreal

ក្លឹប Manchester City និងក្លឹបបង្កង់ Juventus បានក្លាយជាក្លឹបចុងក្រោយគេ ដែលចាប់អារម្មណ៍លើខ្សែការពាររបស់ក្លឹប Villarreal គឺកីឡាករ Pau Torres (នេះយើងយោងតាមរបាយការណ៍ពីគេហទំព័រ 90min.com បានចុះផ្សាយ)។
ដោយឡែកកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ ត្រូវបានគេផ្សារភ្ជាប់ក្នុងការចាកចេញពីក្លឹបកំណើតរបស់គាត់ ដើម្បីផ្ទេរទៅក្លឹបផ្សេងជាយូរមកហើយ ពិសេសគឺការចូលរួមជាមួយក្លឹបបិសាចក្រហម Manchester United។
លក្ខខណ្ឌផ្ទាល់ខ្លួនដែល Pau Torres ចង់បាន គឺក្លឹបបិសាចក្រហម Manchester United មិនអាចបំពេញបានឡើយ ដោយខ្សែការពាររូបនេះចង់លេងពាន UEFA Champions League។ ទោះជាយ៉ាងណាក៏ដោយ ពេលនេះក្លឹបបិសាចក្រហមជិតសម្រេចបាន ការចុះហត្ថលេខាលើ Lisandro Martinez របស់ Ajax ហើយ ខណៈដែលខ្សែការពារអាហ្សង់ទីនរូបនេះ ក៏មានសមត្ថភាពមិនចាញ់ Pau Torres ដែរ។
ដោយឡែកមាន់ខ្នាយមាស Tottenham Hotspur ក៏ធ្លាប់ចាប់អារម្មណ៍ចង់បាន Pau Torres ដែរ ប៉ុន្តែក្លឹបមួយនេះ មិនមែនជាជម្រើសសម្រាប់គាត់ឡើយ។ ក្រោយមកក្លឹបមាន់ខ្នាយមាសក៏បានបង្វែរគោលដៅ ដោយសម្រេចចុះកិច្ចព្រមព្រៀងខ្ចីជើង Clement Lenglet របស់ Barcelona ជំនួសវិញ។
យ៉ាងណាក្ដីពេលនេះ ក្លឹបធំៗពីរដែលមាន Juventus និង Man City កំពុងដាក់គោលដៅដ៏ច្បាស់លាស់មួយ ក្នុងការចុះហត្ថលេខាលើ Pau Torres។ មានហេតុផលដ៏ជាក់លាក់ ដែលយើងអាចដឹងបានថា Manchester City កំពុងលក់ Ake ទៅឲ្យ Chelsea ហើយគេត្រូវការខ្សែការពារម្នាក់ដើម្បីមកជំនួសគាត់។
បែរមើលមកក្លឹបយក្សអ៊ីតាលី Juventus ក៏ដូចគ្នា។ ពួកគេកំពុងត្រៀមចិត្តរួចជាស្រេចក្នុងការបាត់បង់ Matthijs de Ligt ដែលកំពុងបន្តការពិភាក្សា ដើម្បីចូលរួមជាមួយ Bayern Munich។ ដូច្នេះ Pau Torres ពិតជាជម្រើសដ៏ល្អបំផុត សម្រាប់ជំនួស Matthijs de Ligt ដែលត្រៀមចាកចេញ។
ប្រភព: 90 Min