Connect with us

បាល់ទាត់អន្តរជាតិ

ក្លឹប​បិសាចក្រហម​ឲ្យ Alex Telles ខ្ចីជើង​ពេញ​មួយ​រដូវកាល​ទៅ Sevilla

Published

on

ខ្សែ​ការពារ​ឆ្វេង Alex Telles របស់​ក្លឹប​បិសាចក្រហម Manchester United ត្រូវ​បាន​បញ្ជាក់​ការ​ខ្ចីជើង​ពេញ​មួយ​រដូវកាល​ទៅ Sevilla កាល​ពី​ម្សិល​មិញ​នេះ បន្ទាប់​ពី​ទម្រង់​លេង​របស់​ខ្សែការពារ​រូប​នេះ​ហាក់​ដូច​ជា​មិន​សូវ​ល្អ​នៅ Old Trafford។

ការ​ចាកចេញ​របស់ Alex Telles អាច​ជា​រឿង​ត្រឹមត្រូវ​ផង​ដែរ ព្រោះ​ការ​ស្នាក់​នៅ​បិសាចក្រហម​នឹង​ធ្វើ​ឲ្យ​គាត់​អស់​ឱកាស​ក្នុង​ការ​បង្ហាញ​ខ្លួន​ជា​មួយ​ក្រុម ស្រប​ពេល​ដែល​បច្ចុប្បន្ន​កំពុង​មាន​ការ​ប្រកួត​ប្រជែង​ពី​កីឡាករ​ចំណូល​ថ្មី Tyrell Malacia ផង​ដែរ។

Alex Telles បាន​ចំណាយ​ពេល​ពីរ​ឆ្នាំ​របស់​គាត់​នៅ Old Trafford ចាប់​តាំង​ពី​ការ​ផ្ទេរ​ពី Porto នៅ​ឆ្នាំ 2020 ដែល​ភាគ​ច្រើន​ជា​ជម្រើស​បម្រុង និង​មាន​ឱកាស​បង្ហាញ​សមត្ថភាព​តែ​នៅ​ពេល​ណា​ដែល Luke Shaw របួស​ប៉ុណ្ណោះ។ គាត់​បាន​បង្ហាញ​ខ្លួន​សរុប​ត្រឹមតែ 50 ដង​ប៉ុណ្ណោះ នៅ​គ្រប់​ការ​ប្រកួត​ទាំង​អស់​របស់​ក្លឹប។

កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ ធ្លាប់​លេច​ធ្លោរ​ខ្លាំង​ពេល​នៅ​ជា​មួយ​ក្លឹប Porto ហើយ​នៅ​ទីនោះ គាត់​ក៏​ជា​កីឡាករ​ដែល​ទទួល​រ៉ាប់រង​បាល់​ប៉េណាល់ទី​ទៀត​ផង។ ក្នុង​រដូវកាល​ឆ្នាំ 2019/20 គាត់​ស៊ុត​បញ្ចូលទី​ឲ្យ Porto បាន 13 គ្រាប់​ក្នុង​មួយ​រដូវកាល។

យ៉ាង​ណា​មិញ ក្លឹប Sevilla បាន​បញ្ជាក់​​ថា Alex Telles នឹង​ពាក់​អាវ​លេខ 3 ចាប់​ពី​ពេល​នេះ​តទៅ។ ថ្វី​ត្បិត​តែ Alex Telles ត្រូវ​បាន​ក្លឹប​បិសាចក្រហម​ដាក់​ឲ្យ​ខ្ចីជើង​ទៅ Sevilla ពិត​មែន ប៉ុន្តែ​វា​មិន​មែន​ជា​រឿង​អាក្រក់​ឡើយ ព្រោះ​គាត់​នឹង​មាន​ឱកាស​លេង​ពាន UEFA Champions League។

ប្រភព: 90 Min

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២