បាល់ទាត់អន្តរជាតិ
តើ Antony អាចបង្ហាញខ្លួនជាលើកដំបូងពេលប៉ះ Leicester នៅរំលងអាធ្រាតនេះទេ?

កាលពីពេលថ្មីៗនេះក្លឹបបិសាចក្រហម Manchester United បានបញ្ចប់ការចុះហត្ថលេខាលើតារាឆ្នើមសញ្ជាតិប្រេស៊ីល Antony ដែលលេងតំណែងជាខ្សែប្រយុទ្ធស្លាប។ អ្នកគាំទ្រកំពុងមានការទន្ទឹងរងចាំយ៉ាងអន្ទះសារ ដោយចង់ឃើញការបង្ហាញសមត្ថភាពរបស់កីឡាកររូបនេះផងដែរ។
Antony ជាកីឡាករដែលមានទម្រង់លេងលេចធ្លោរខ្លាំងនៅលីគកំពូលនៃប្រទេសហូឡង់ ជាពិសេសពេលដែលគាត់ស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Erik Ten Hag នៅក្លឹប AFC Ajax។ ពេលនេះអ្នកទាំងពីរបានធ្វើការជាមួយគ្នាជាថ្មីម្ដងទៀត នៅក្លឹបបិសាចក្រហម Manchester United ខណៈដែល Antony ទើបតែបានបញ្ចប់ការផ្ទេរក្នុងតម្លៃ 95 លានអឺរ៉ូ។
គ្រប់គ្នាកំពុងនៅមានមន្ទិលសង្ស័យថា តើ Antony នឹងមានវត្តមាននៅក្នុងការប្រកួតរបស់បិសាចក្រហមទល់នឹង Leicester ដែរ រឺទេ? ជាអកុសលសម្រាប់អ្នកគាំទ្ររបស់បិសាចក្រហម Manchester United ដោយពួកគេនឹងមិនអាចឃើញកីឡាករចំណូលថ្មីរបស់ពួកគេ ក្នុងការប្រកួតទល់នឹង Leicester ឡើយ ដោយសារតែ Antony ត្រូវការរៀបចំទិដ្ឋាការ (Visa) និងលិខិតអនុញ្ញាតការងារ ឲ្យបានរួចរាល់ពីក្លឹបចាស់ជាមួយនឹងលីគកំពូលនៅប្រទេសហូឡង់សិន។
ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍មួយបានបង្ហាញថា Antony គួរតែអាចបង្ហាញខ្លួនក្នុងការប្រកួតបន្ទាប់ ដែលជាការបង្ហាញខ្លួនជាលើកដំបូងនៅ Old Trafford នៅចុងសប្តាហ៍នេះ ដែលក្លឹបបិសាចក្រហមត្រូវប៉ះក្រុមខ្លាំងមិនទាន់ស្គាល់រសជាតិចាញ់ Arsenal។
ប្រភព: Thesun UK