Connect with us

បាល់ទាត់អន្តរជាតិ

សរុប​ពត៌មាន​សំខាន់ៗ នៃ​ការ​ផ្ទេរ​កីឡាករ​នៅ​ចុង​សប្ដាហ៍​នេះ!!!

Published

on

ក្លឹប​អ្នក​មាន​បុណ្យ Barcelona និង​ក្លឹប​តោខៀវ Chelsea បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ផ្ទេរ​ខ្សែប្រយុទ្ធ​ឆ្នើម Pierre Emerick Aubameyang ក្នុង​តម្លៃ 12 លានអឺរ៉ូ ជាមួយ​នឹង​កុងត្រា​រយៈពេល 2 ឆ្នាំ ដែល​មាន​សុពល​ភាព​ដល់​ថ្ងៃទី 30 ខែ មិថុនា ឆ្នាំ 2024។

ពាក់​ព័ន្ធ​នឹង​ក្លឹប Barcelona ដដែល​នោះ ពួក​គេ​បាន​ផ្ទេរ​កីឡាករ​ចំណូល​ថ្មី​ម្នាក់​ទៀត​ហើយ គឺ​ជា​អតីត​យុវជន​របស់​ខ្លួន Hector Bellerin ដែល​ផ្ទេរ​ពី​ក្លឹប​កាំភ្លើងធំ Arsenal ដោយ​គ្មាន​តម្លៃ​ខ្លួន។ ស្រប​ពេល​នោះ​ដែរ Barcelona បាន​ឲ្យ​ខ្សែការពារ Sergino Dest ខ្ចីជើង​ទៅ AC Milan ដែល​ការ​ខ្ចីជើង​នោះ​ក៏​មាន​បូក​ជាមួយ​នឹង​ជម្រើស​ក្នុង​ការ​ទិញ​ផ្ដាច់​កុងត្រា។ Barcelona ក៏​បាន​សម្រេច​ចិត្ត បញ្ចប់​កុងត្រា​របស់​ខ្សែប្រយុទ្ធ Martin Braithwaite មុន​កំណត់​ផង​ដែរ។

បើ​យើង​ចោលភ្នែក​ក្រឡេក​មក​កាន់​ក្លឹប​កំពូល​​នៅ​អង់គ្លេស ក្លឹប​ហង្សក្រហម Liverpool បាន​ចុះ​ហត្ថលេខា​ខ្ចីជើង​ខ្សែបម្រើ​សញ្ជាតិ​ប្រេស៊ីល​របស់​ក្លឹប Juventus គឺ​កីឡាករ Arthur Melo រយៈពេល​មួយ​រដូវកាល ដោយ​មិន​មាន​រួម​បញ្ចូល​ជា​មួយ​នឹង​លក្ខខណ្ឌ​ក្នុង​ការ​ទិញ​ផ្ដាច់​កុងត្រា​ឡើយ។

នៅ​ទឹកដី​បារាំង​ឯណោះ​វិញ ក្លឹប​យក្ស PSG បាន​ឲ្យ​​ខ្សែបម្រើ​កណ្ដាល​សញ្ជាតិ​អាហ្សង់ទីន Leandro Paredes ទៅ​ឲ្យ​ក្លឹប​យក្ស​អ៊ីតាលី Juventus ខ្ចីជើង​រយៈពេល​មួយ​រដូវកាល ដោយ​មាន​បូក​បញ្ចូល​ជា​មួយ​នឹង​ជម្រើស​ក្នុង​ការ​ទិញ​ផ្ដាច់​កុងត្រា​ផង​ដែរ។ ក្លឹប PSG ដដែល​នោះ ក៏​បាន​ចុះ​ហត្ថលេខា​លើ​ខ្សែបម្រើ​សញ្ជាតិ​អេស្ប៉ាញ Carlos Soler ពី​ក្លឹប Valencia ជាមួយ​នឹង​តម្លៃ​ផ្ទេរ 18 លាន​អឺរ៉ូ ដែល​មាន​កុងត្រា​ដល់ ថ្ងៃទី 30 ខែ​មិថុនា ឆ្នាំ 2027។

ដោយ៖ ក្រុមការងារ X-Sport

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២