Connect with us

បាល់ទាត់អន្តរជាតិ

កីឡាករ 5 រូប​ដែល​​មាន​ទម្រង់​លេចធ្លោរ​​ជាង​គេ​បំផុត គិត​ត្រឹម​ខែ​កញ្ញា​ឆ្នាំ 2022

Published

on

រដូវកាល​ឆ្នាំ 2021-22 បាន​ចាប់​ផ្តើម​នៅ​លីគ​ធំៗ​ទូទាំង​ទ្វីប​អឺរ៉ុប​ក្នុង​ខែសីហា​នេះ ហើយ​ទីផ្សារ​ដោះដូរ​កីឡាករ​រដូវ​ក្តៅ ក៏​បាន​ឈាន​ដល់​ការ​បិទ​បញ្ចប់​នៅថ្ងៃទី 1 ខែកញ្ញា​ផង​ដែរ។ យើង​នឹង​ដឹង​ច្បាស់​ថា ក្លឹប និង​កីឡាករ​រូប​ណា​ខ្លះ​ដែល​មាន​ទម្រង់​លេង​លេច​ធ្លោរ​ខ្លាំង។ ខាង​ក្រោម​នេះ យើង​នឹង​មក​មើល​កីឡាករ 5 រូប ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​ទម្រង់​លេង​លេច​ធ្លោរ​ខ្លាំង ក្នុង​ចំណោម​កីឡាករ​ទាំង​អស់​នៅ​លីគ​កំពូល​ធំៗ​របស់​ទ្វីប​អឺរ៉ុប។

5. Aleksandar Mitrovic (លេង​នៅ​ក្លឹប Fulham)

Aleksandar Mitrovic កំពុង​មាន​ទម្រង់​លេង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៅ​រដូវកាល​ថ្មី​​របស់ Premier League។ Mitrovic បាន​ស៊ុតបញ្ចូលទី​បាន 6 គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន 6 ប្រកួត​ក្នុង​រដូវកាល 2022-23 នេះ។

4. Kylian Mbappe (លេង​នៅ​ក្លឹប Paris Saint-Germain)

ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​យក្ស​បារាំង Paris Saint-Germain មាន​ទម្រង់​លេង​យ៉ាង​ល្អ ក្នុង​រដូវកាល​ថ្មី។ គាត់​នៅ​តែ​មាន​ល្បឿន​លឿន និង​ស៊ុត​បញ្ចូល​ទី​ច្បាស់។ កីឡាករ​វ័យ 23 ឆ្នាំ​រូបនេះ​បាន​ស៊ុត​បញ្ចូលទី 6 គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន 5 លើក​នៅ Ligue 1 ក្នុង​រដូវកាល​នេះ។

3. Lionel Messi (លេង​នៅ​ក្លឹប Paris Saint-Germain)

ទីបំផុត Lionel Messi បាន​បង្ហាញ​ទម្រង់​លេង​ដ៏​ល្អ​ជា​មួយ Paris Saint-Germain ហើយ ដែល​វា​ខុស​ស្រឡះ​កាល​ពី​រដូវកាល​មុន។ ការ​សម្រេច​ចិត្ត​របស់​គ្រូបង្វឹក​ថ្មី​លោក Christophe Galtier ក្នុង​ការ​ដាក់​ឲ្យ Messi ទៅ​លេង​នៅ​តំបន់​ប្រយុទ្ធ​កណ្ដាល បាន​ធ្វើ​ឲ្យ​គាត់​លេង​បាន​ល្អ​បំផុត។ ក្នុង​ការ​បង្ហាញ​ខ្លួន​នៅ Ligue 1 រដូវកាល​នេះ ចំនួន 6 ប្រកួត Messi បាន​ស៊ុត​បញ្ចូល​ទី​បាន 3 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​​បាន 6 ដង។

2. Erling Haaland (លេង​នៅ​ក្លឹប Manchester City)

នៅ​ពេល​ដែល Erling Haaland ចូល​រួម​ជាមួយ Manchester City មួយ​ខែ​ដំបូង គាត់​ត្រូវ​បាន​គេ​រិះគន់​យ៉ាង​ខ្លាំង ហើយ​គិត​ថា កីឡាករ​រូប​នេះ មិន​អាច​សម្រប​ខ្លួន​ទៅ​នឹង​ទម្រង់​លេង​របស់​លោក Pep Guardiola បាន​ឡើយ។ យ៉ាង​ណា​មក​ទល់នឹង​ពេល​នេះ គាត់​ស៊ុត​បញ្ចូលទី​បាន 10 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុមបាន 1 ក្នុង​ការ​បង្ហាញខ្លួន 6 ប្រកួត​ក្នុង​ក្របខ័ណ្ឌកំពូល​របស់​អង់គ្លេស។

1. Neymar Jr. (លេង​នៅ​ក្លឹប Paris Saint-Germain)

Neymar Jr. មិន​បាន​លេង​ឲ្យ PSG ជា​ច្រើន​ប្រកួត​ក្នុង​រដូវកាល 2021-22 ដោយ​សារ​តែ​បញ្ហា​របួស។ គាត់​​ថែមទាំង​ត្រូវ​បាន​អ្នក​គាំទ្រ​ក្លឹប​ជេរ​ប្រមាថ​ជាច្រើន​ដង បន្ទាប់ពី​ក្រុមធ្លាក់​ចេញ​ក្នុង​វគ្គ​ 16 ​ក្រុម ក្នុង​ក្របខណ្ឌ UEFA Champions League។ ប៉ុន្តែ​នៅ​រដូវកាល​នេះ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល Neymar Jr. កំពុង​មាន​ទម្រង់​លេង​លេច​ធ្លោរ​ឡើង​វិញ។ កីឡាករ​វ័យ 30 ឆ្នាំ​រូប​នេះ​ស៊ុត​បញ្ចូលទី​បាន 7 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួមក្រុម​បាន​ចំនួន 6 ដង ក្នុង​ការ​បង្ហាញ​ខ្លួន​នៅ Ligue 1 ចំនួន 5 ប្រកួត គិត​មក​ទល់​នឹង​ពេលនេះ។

ប្រភព: Sportskeeda

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២