បាល់ទាត់អន្តរជាតិ
Barcelona នឹងឆក់ឱកាសចុះហត្ថលេខាលើខ្សែបម្រើ Ilkay Gundogan

របាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា ក្លឹបអ្នកមានបុណ្យ Barcelona នៅតែចិញ្ចឹមចិត្ត និងកំពុងសម្លឹងមើលឱកាសក្នុងការចុះហត្ថលេខាលើតារាឆ្នើមរបស់ក្លឹបមេឃខៀវ Manchester City គឺខ្សែបម្រើ Ilkay Gundogan។
កីឡាករវ័យ 31 ឆ្នាំរូបនេះបានឈានចូលដល់ឆ្នាំចុងក្រោយនៃកុងត្រារបស់គាត់ ជាមួយក្លឹប Manchester City ហើយមិនទាន់មានការពិភាក្សាលើកុងត្រាថ្មីនៅឡើយទេ។ នេះជាសញ្ញាមួយបង្ហាញថា ពេលវេលារបស់ Gundogan នៅ Etihad Stadium នឹងដល់ទីបញ្ចប់។
យ៉ាងណាមិញ Ilkay Gundogan បានចូលរួមជាមួយក្លឹប Manchester City ដោយផ្ទេរពីក្លឹប Borussia Dortmund កាលពីឆ្នាំ 2016 ។ កីឡាករសញ្ជាតិអាឡឺម៉ង់រូបនេះ បានបង្ហាញខ្លួនសរុបសម្រាប់ Manchester City ចំនួន 263 ប្រកួត និងរកបានគ្រាប់បាល់ 51 គ្រាប់។
របាយការណ៍ក្ដៅៗនៅក្នុងប្រទេសអេស្ប៉ាញបានអះអាងថា Barcelona កំពុងរៀបចំផែនការផ្ទេរសម្រាប់ Gundogan ប្រសិនបើគាត់សម្រេចចិត្តចាកចេញពីក្លឹបបច្ចុប្បន្នរបស់ខ្លួននៅរដូវក្តៅឆ្នាំក្រោយ និងមិនចុះហត្ថលេខាលើការបន្តកុងត្រាថ្មីទេនោះ។ ដូចគ្នានេះដែរ Mundo Deportivo ក៏បានលើកឡើងដែរថា Ilkay Gundogan គឺជាជម្រើសមួយសម្រាប់ក្រុមរបស់លោក Xavi Hernandez ខណៈដែលពួកគេនៅតែព្យាយាមស្វែងរកការពង្រឹងនៅជម្រើសខ្សែបម្រើដែលមានគុណភាពសម្រាប់ក្រុម។
ប្រភព: Mirror UK