បាល់ទាត់អន្តរជាតិ
Xavi សរសើរកីឡាករចំណូលថ្មីរូបនេះថា ប្រៀបដូចជាកាដូដែលទេវតាប្រទាន

គ្រូបង្វឹករបស់ក្លឹប Barcelona លោក Xavi Hernandez បានសរសើរពីទម្រង់លេងរបស់ខ្សែបម្រើ Ilkay Gundogan បន្ទាប់ពីក្រុមរបស់ខ្លួនបានឈ្នះនៅក្នុងការប្រកួតបើកឆាក UEFA Champions League 5 ទល់នឹង 0 ទៅលើក្រុមភ្ញៀវមកពីលីគបែលហ្ស៊ិក Royal Antwerp កាលម្សិលមិញ។
Xavi Hernandez បាននិយាយថា Ilkay Gundogan ដែលបានចូលរួមជាមួយ Barcelona ដោយផ្ទេរពី Manchester City នៅរដូវក្ដៅនេះ គឺជាអំណោយពីព្រះ រឺជាកាដូដែលទេវតាប្រទាន។ លើសពីនេះទៀត Xavi បានបន្ថែមទៀតថា កីឡាករសញ្ជាតិអាឡឺម៉ង់រូបនេះ ជាកីឡាករបាល់ទាត់ដ៏អស្ចារ្យម្នាក់។
ក្រោយចប់ការប្រកួតដែល Barcelona បានទទួលជោគជ័យដ៏ធំធេងពីក្លឹប Royal Antwerp នោះ Xavi Hernandez បានប្រាប់ Marca ថា៖ “គាត់ [Gundogan] គឺដូចគ្នានឹង Gavi ដែរ គាត់អាចលេងនៅខាងស្តាំ, ឆ្វេង នៅតំបន់បម្រើបាន… នៅពេលដែលគាត់មានបាល់លេងច្រើន អ្វីៗនឹងប្រសើរឡើង។ គាត់ជាអំណោយដែលបានធ្លាក់ចុះមកពីស្ថានសួគ៌។ គាត់គឺជាកីឡាករបាល់ទាត់ដ៏អស្ចារ្យម្នាក់។ វាពិតជាអស្ចារ្យណាស់ ដែលយើងទទួលបានគាត់”។
ប្រភព: Dailypost NG