បាល់ទាត់អន្តរជាតិ
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញប្រាប់ឈ្មោះកីឡាករដែលគាត់គិតថាល្អបំផុតរវាង Ronaldo, Messi និង Neymar

តារាឆ្នើម Lionel Messi និង Cristiano Ronaldo នៅតែធ្វើឲ្យការជជែកវែកញែកដេញដោលគ្នាមិនចេះចប់មិនចេះហើយ។ ជាច្រើនឆ្នាំមកនេះ មនុស្សជាច្រើន រួមទាំងកីឡាករបាល់ទាត់អាជីពក៏បាននិយាយពីការជ្រើសរើសអ្នកណាល្អជាងរវាងអ្នកទាំងពីរផងដែរ ហើយអតីតគ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញដែលធ្លាប់ឈ្នះពាន World Cup លោក Vicente del Bosque ក៏បានលើកឡើងពីគំនិតនៃការយល់ឃើញរបស់គាត់ផងដែរ។
ថ្វីបើលោក Vicente del Bosque ធ្លាប់ជាគ្រូបង្វឹក និងដឹកនាំ Real Madrid ឲ្យឈ្នះពានរង្វាន់ UEFA Champions League ពីរលើកក៏ដោយ ក៏បុរសញ្ជាតិអេស្ប៉ាញរូបនេះបានច្រានចោលការជ្រើសរើសយក Cristiano Ronaldo ខណៈដែលគាត់បានប្រកាសថា Lionel Messi ជាកីឡាករល្អបំផុតនៅក្នុងពិភពលោក។
នៅពេលត្រូវបានគេសួរឲ្យជ្រើសរើសរវាង Messi, Ronaldo និង Neymar ពេលនោះលោក Vicente del Bosque បាននិយាយថា៖ “ក្នុងនាមខ្ញុំធ្លាប់ជាកីឡាករ ខ្ញុំគិតថា Messi គឺជាកីឡាករល្អបំផុត។ ខ្ញុំមានអារម្មណ៍មិនល្អដែលនិយាយបែបនេះ ព្រោះមិនចង់រំខានដល់នរណាម្នាក់ ប៉ុន្តែខ្ញុំគិតថា Messi គឺពោរពេញដោយជីវិតជាកីឡាករ ជាអ្នកដែលធ្វើឲ្យគ្រប់គ្នាញញើត ហើយតែងតែជាកីឡាករល្អបំផុត…”។
លោកបានបន្ថែមទៀតថា៖ “Cristiano Ronaldo គឺមានស្ទីលខុសប្លែកពីគេ។ គាត់មិនចាប់អារម្មណ៍នឹងលេងជាខ្សែបម្រើទេ គាត់មិនចាប់អារម្មណ៍នឹងការប្រែប្រួលនៅក្នុងការប្រកួតទេ។ … គាត់ចាប់អារម្មណ៍តែការបញ្ចប់ទីប៉ុណ្ណោះ ហើយការបញ្ចប់ទីរបស់គាត់ពិតជាអស្ចារ្យណាស់”។
Vicente del Bosque បានបន្តថា៖ “Neymar ជាកីឡាករមួយរូបដែលមិនមានអ្នកដូចនាពេលបច្ចុប្បន្ន ដែលវាជាស្តាយផ្ទាល់ខ្លួនរបស់គាត់។ វាជាអ្វីមួយដែលមាននៅក្នុងខ្លួនកីឡាករបាល់ទាត់ប្រភេទនោះ”។
ប្រភព: Sportskeeda