បាល់ទាត់អន្តរជាតិ
Van Dijk ប្រាប់ឈ្មោះកីឡាករ 4 រូប ដែលគាត់ពិបាកទប់ទល់បំផុត ប៉ុន្តែមិនមានឈ្មោះ Cristiano Ronaldo
កាពីតែនក្រុមរបស់ក្លឹបហង្សក្រហម Liverpool គឺកីឡាករ Virgil van Dijk មិនបានរាប់បញ្ចូលឈ្មោះ Cristiano Ronaldo នៅក្នុងបញ្ជីខ្សែប្រយុទ្ធដែលគាត់លំបាកទប់ទល់បំផុតនោះឡើយ។ ជំនួសមកវិញ ខ្សែការពារឆ្នើមរូបនេះបានជ្រើសរើសកីឡាករ 4 រូបដែលពិបាកទប់ទល់បំផុតនៅលើទីលានមានដូចជា៖ Lionel Messi, Erling Haaland, Sergio Aguero និង Olivier Giroud។
យ៉ាងណាមិញ បច្ចុប្បន្ន Van Dijk ត្រូវបានគេចាត់ទុកជាខ្សែការពារល្អបំផុតមួយរូបក្នុងពិភពបាល់ទាត់។ កីឡាករវ័យ 32 ឆ្នាំរូបនេះ បានចូលរួមជាមួយក្លឹបហង្សក្រហម Liverpool កាលពីឆ្នាំ 2018 ជាមួយនឹងតម្លៃផ្ទេរ 75 លានផោន។ តាំងពីពេលនោះមក Van Dijk បានឈ្នះពានជាមួយក្លឹបរបស់ខ្លួនជាច្រើនដូចជា Premier League, UEFA Champions League, FA Cup និង Carabao Cup ជាដើម។
ក្នុងអំឡុងពេលវេលានៃអាជីពបាល់ទាត់របស់គាត់នៅ Anfield ខ្សែការពារកណ្ដាលសញ្ជាតិហូឡង់រូបនេះក៏ធ្លាប់បានលេងតទល់ជាមួយ Ronaldo ជាច្រើនលើក រួមទាំងការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League កាលពីឆ្នាំ 2018 ផងដែរ។
ទោះជាយ៉ាងណា ថ្លែងក្នុងកម្មវិធីផតខេះមួយ កាលពីពេលថ្មីៗនេះគាត់បាននិយាយថា៖ “ខ្ញុំចង់និយាយថា Erling Haaland គឺជាគូប្រជែងដ៏លំបាកមួយ។ គាត់រឹងមាំ ហើយជាខ្សែប្រយុទ្ធសម័យទំនើប។ វាដូចគ្នាជាមួយ Aguero។ គាត់មិនបានស៊ុតបាល់បញ្ចូលទីច្រើនទល់នឹងយើងទេ ប៉ុន្តែពេលខ្ញុំនៅ Southampton គាត់តែងតែជាដៃគូដ៏លំបាក។ គាត់អាចបញ្ចប់ទីដោយជើងឆ្វេងក៏បាន ស្ដាំក៏បាន”។
Van Dijk បានបន្ថែមទៀតអំពី Giroud ថា៖ “គាត់គឺជាកីឡាករដែលលេងត្រូវគ្នាជាមួយ Eden Hazard ហើយ Hazard តែងតែជាអ្នកបញ្ជូនបាល់ទៅឲ្យគាត់ស៊ុត។ គាត់ក៏បានស៊ុតបាល់បញ្ចូលទីគ្រាប់ល្អៗពេលលេងតទល់នឹងខ្ញុំដែរ។ ខ្ញុំតែងតែមានអារម្មណ៍ថា គាត់នឹងមិនអាចរកគ្រាប់បាល់បាន ប៉ុន្តែគាត់នៅតែអាចរកវិធីស៊ុតបញ្ចូលទីបាន”។
ប្រភព: Dailypost NG