បាល់ទាត់អន្តរជាតិ
Zidane ប្រាប់ក្លឹប Real Madrid ឲ្យចុះហត្ថលេខាលើខ្សែបម្រើម្នាក់ពី Premier League

អតីតអ្នកចាត់ការទូទៅរបស់ក្លឹបអធិរាជស Real Madrid លោក Zinedine Zidane បានណែនាំខ្សែបម្រើដែលលេងនៅក្របខណ្ឌ Premier League ម្នាក់ដល់អតីតក្លឹបរបស់គាត់ ដោយមើលឃើញថា កីឡាកររូបនោះមានសមត្ថភាពសមស្របតាមស្ថានភាពដែលក្លឹបគួរទិញយក។
យោងតាមសារព័ត៌មានរបស់ Diario Gol បានឲ្យដឹងថា លោក Zinedine Zidane ដែលធ្លាប់ជាគ្រូបង្វឹកដឹកនាំ Real Madrid ឲ្យឈ្នះពានរង្វាន់ UEFA Champions League ចំនួនបីលើកជាប់ៗគ្នា បានផ្តល់យោបល់ដល់ក្រុមប្រឹក្សាភិបាលរបស់ក្លឹប ឲ្យចុះហត្ថលេខាលើកីឡាករ Youri Tielemans របស់ក្រុម Leicester City។
ជាការពិតណាស់ គុណភាពលេងរបស់ Youri Tielemans ពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំង កាលពីរដូវកាលមុនជាមួយក្លឹប Leicester City ហើយក៏ធ្វើឲ្យមានក្លឹបជាច្រើនដាក់ចំណាប់អារម្មណ៍យ៉ាងខ្លាំង ដោយចង់បានខ្សែបម្រើសញ្ជាតិបែលហ្សិករូបនេះ។
Real Madrid នៅតែព្យាយាមស្វែងរកការពង្រឹងខ្សែបម្រើរបស់ពួកគេ ហើយ Youri Tielemans បានស្ថិតនៅលើរ៉ាដារបស់ក្លឹបផងដែរ។ អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ Tielemans ក៏ចង់ចាកចេញពីក្លឹបបច្ចុប្បន្នរបស់ខ្លួនដែរ ហើយកុងត្រារបស់គាត់នៅសល់ត្រឹមតែមួយឆ្នាំទៀតប៉ុណ្ណោះជាមួយ Leicester City។
ក្លឹប Real Madrid បានចុះហត្ថលេខាលើខ្សែបម្រើឆ្នើមៗពីររូបរួចហើយកាលពីពេលកន្លងមកដូចជា Eduardo Camavinga និង Aurelien Tchouameni ជាដើម ប៉ុន្តែគេត្រូវការកីឡាករដែលលេងបានស៊ីជម្រៅបន្ថែមទៀត។ ដូច្នេះហើយ Zidane ក៏បានផ្ដល់ការណែនាំខ្សែបម្រើរូបនេះ។
ទោះជាយ៉ាងណាក៏ដោយរបាយការណ៍ផ្សេងទៀតបានអះអាងថា Youri Tielemans មិនមែនជាជម្រើសទីមួយសម្រាប់ក្លឹប Real Madrid នោះទេ ដោយពួកគេកំពុងតែសម្លឹងមើលការចុះហត្ថលេខាលើខ្សែបម្រើដែលកំពុងឡើងជើងខ្លាំង Jude Bellingham របស់ក្លឹប Borussia Dortmund។
ប្រភព: Dailypost NG