បាល់ទាត់អន្តរជាតិ
Luis Suarez ប្រាប់ថា ពេលលេងជាមួយ Valverde ធ្វើឲ្យគាត់នឹកឃើញទៅដល់ Steven Gerrard
ខ្សែបម្រើ Federico Valverde របស់ក្លឹបអធិរាជស Real Madrid និងជាកីឡាកររបស់ក្រុមជម្រើសជាតិអ៊ុយរូហ្គាយ បានសម្តែងការរីករាយ បន្ទាប់ពីត្រូវបានកីឡាករដ៏ល្បីម្នាក់បានប្រៀបធៀបគាត់ជាមួយ Steven Gerrard។
មិត្តរួមក្រុមជម្រើសជាតិរបស់ Federico Valverde គឺកីឡាករ Luis Suarez ដែលធ្លាប់បានលេងជាមួយ Steven Gerrard អស់រយៈពេល 3 រដូវកាលកន្លះនៅ Liverpool បានអះអាងថា គាត់បានឃើញពីភាពស្រដៀងគ្នានៃទម្រង់លេងរបស់អ្នកទាំងពីរ តាំងពីឆ្នាំ 2017 មកម្ល៉េះ។
យ៉ាងណាមិញបច្ចុប្បន្នកីឡាករវ័យ 35 ឆ្នាំ Luis Suarez កំពុងលេងឲ្យក្លឹប Nacional ក្នុងប្រទេសកំណើតរបស់គាត់។ Luis Suarez បាននិយាយថា៖ “រំលឹកត្រឡប់ទៅកាន់អតីតកាល នៅឆ្នាំ 2017 ពេលដែល Federico Valverde បានបង្ហាញខ្លួនជាលើកដំបូងក្នុងក្រុមជម្រើសជាតិ ខ្ញុំធ្លាប់បាននិយាយរួចហើយថា គាត់ធ្វើខ្ញុំនឹកឃើញដល់ Steven Gerrard”។
យ៉ាងណាមិញ បច្ចុប្បន្ននេះ Federico Valverde បានក្លាយជាខ្សែបម្រើដ៏លេចធ្លោរខ្លាំងបំផុត ជាមួយនឹងទម្រង់លេងដ៏ល្អឥតខ្ចោះ និងអាចលេងគ្រប់តំបន់នៃការប្រកួតទាំងបម្រើ, បម្រើការពារ និងបម្រើប្រយុទ្ធ។ គាត់បានបង្ហាញខ្លួន 46 ប្រកួតកាលពីរដូវកាលមុន និងបានដើរតួយ៉ាងសំខាន់ក្នុងការជួយក្លឹប Real Madrid ឲ្យឈ្នះទាំងពាន La Liga និង UEFA Champions League។ ដូចគ្នានេះដែរ Valverde តែងតែបង្ហាញខ្លួនស្ទើរគ្រប់ការប្រកួតសំខាន់ៗរបស់ក្លឹបក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Carlo Ancelotti។
ប្រភព: 90 Min