បាល់ទាត់អន្តរជាតិ
Luis Suarez បញ្ជាក់ថា ខ្លួននឹងចូលនិវត្តន៍ពីបាល់ទាត់នៅក្លឹបមួយនេះ!!!

អតីតតារាឆ្នើមរបស់ក្លឹប Barcelona គឺកីឡាករ Luis Suarez បានសម្រេចចិត្តចូលរួមជាមួយក្លឹប Inter Miami នៅចុងឆ្នាំ 2023 កន្លងទៅ ដែលជាកន្លែងគាត់បានជួបជុំជាមួយអតីតមិត្តចិត្តមួយថ្លើមមួយរបស់ខ្លួន Lionel Messi។ ស្របពេលជាមួយគ្នានេះ Suarez ក៏កំពុងមានគម្រោងចូលនិវត្តន៍ផងដែរ។
ក្នុងវ័យ 37 ឆ្នាំ Luis Suarez បានចុះកុងត្រាជាមួយក្លឹប Inter Miami របស់អាមេរិក ត្រឹមតែរយៈពេល 12 ខែប៉ុណ្ណោះ ដែលនេះទំនងជាពេលវេលាចុងក្រោយនៃអាជីពបាល់ទាត់របស់គាត់ហើយ។ ថ្វីត្បិតតែបច្ចុប្បន្នទម្រង់លេងរបស់ Luis Suarez ហាក់មានការធ្លាក់ចុះខ្លាំង តែគាត់ជាអតីតកីឡាករដែលធ្លាប់លេងឲ្យក្លឹបធំៗជាច្រើនដូចជា Liverpool, Barcelona និង Atletico Madrid ជាដើម។
ជាក់ស្ដែងខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអ៊ុយរូហ្គាយរូបនេះបានបង្ហើបឲ្យដឹងថា ក្លឹប Inter Miami នឹងក្លាយជាក្លឹបចុងក្រោយនៃអាជីពបាល់ទាត់របស់គាត់ហើយ។ យោងតាមសម្ដីដែលបានដកស្រង់ដោយ Diario AS កាលពីពេលថ្មីៗនេះ Suarez បាននិយាយថា៖ “កាលបរិច្ឆេទនៃការចូលនិវត្តន៍មិនទាន់ត្រូវបានកំណត់ទេ ប៉ុន្តែ Inter Miami គឺជាចំណុចចុងក្រោយ។ ខ្ញុំត្រៀមខ្លួនរួចជាស្រេច សម្រាប់ការប្រកួតប្រជែងចុងក្រោយនេះ…”។
ប្រភព: Dailysports