បាល់ទាត់អន្តរជាតិ
Inter Milan កំពុងចាប់អារម្មណ៍ និងតាមដានលើខ្សែការពារស្លាប Alejandro Balde របស់ Barcelona

នាយកប្រតិបត្តិរបស់ក្លឹប Inter Milan លោក Beppe Marotta និងនាយកប្រតិបត្តិផ្នែកកីឡាលោក Piero Ausilio កំពុងពិនិត្យមើលពីស្ថានភាពរបស់ខ្សែការពារស្លាបវ័យក្មេង Alejandro Balde របស់ក្លឹបអ្នកមានបុណ្យ FC Barcelona ដែលជាកីឡាករមានតម្លៃផ្ទេរទាប និងអាចឲ្យពួកគេទិញបាន។
បើយោងតាមសារព័ត៌មានអ៊ីតាលី Calciomercato.com បានរាយការណ៍ថា ប្រធានក្លឹប Inter Milan កំពុងពិចារណាលើការផ្ទេរកីឡាករវ័យ 18 ឆ្នាំរូបនេះនៅរដូវក្តៅឆ្នាំក្រោយ ប្រសិនបើគាត់មិនបន្តកុងត្រាថ្មី ដោយបន្ថែមពីលើកុងត្រាបច្ចុប្បន្នដែលនឹងផុតកំណត់នៅខែមិថុនា ឆ្នាំ 2024 ទេនោះ។
ទន្ទឹមនឹងនេះដែរ Barcelona កំពុងព្យាយាមចាក់សោរ Alejandro Balde ជាមួយនឹងការត្រៀមកុងត្រាថ្មី ហើយផ្ដល់ឲ្យកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះមានជាប់កុងត្រារហូតដល់ខែមិថុនា ឆ្នាំ 2027។ ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ Alejandro Balde មិនទាន់បានទទួលយកសំណើររបស់ Barcelona ដែលជាក្លឹបបច្ចុប្បន្នរបស់ខ្លួនឡើយ។
យើងនៅតែត្រូវរងចាំមើលថា តើក្លឹបយក្សកាតាឡាន់នឹងអាចស្វែងរកកិច្ចព្រមព្រៀងថ្មីសម្រាប់ Alejandro Balde បានដែរ រឺអត់។ ប៉ុន្តែប្រសិនបើពួកគេបរាជ័យ នោះកុងត្រាបច្ចុប្បន្នរបស់គាត់នឹងឈានចូលដល់រដូវកាលចុងក្រោយបន្ទាប់ពីរដូវក្តៅឆ្នាំក្រោយ។
ដូចគ្នានេះដែរ Inter Milan មើលឃើញពីសមត្ថភាពរបស់ Balde ដែលមានភាពស័ក្តិសមជាខ្សែការពារស្លាបឆ្វេងរបស់ពួកគេបំផុត។ Inter Milan ចង់ទាញប្រយោជន៍ពីការចរចាកុងត្រាមិនត្រូវគ្នារវាងក្លឹប និងកីឡាករ ដើម្បីអាចនាំយក Alejandro Balde មកកាន់ទឹកដី San Siro ក្នុងតម្លៃទាបបាន។
ប្រភព: Sempreinter