បាល់ទាត់អន្តរជាតិ
ប្រធានក្លឹប Barcelona បង្ហើបថា ក្រុមរបស់លោកនឹងនាំយកកីឡាករចំណូលថ្មីថែមទៀតនៅខែមករាខាងមុខនេះ

ប្រធានក្លឹបអ្នកមានបុណ្យ Barcelona លោក Joan Laporta បានបង្ហើបឲ្យដឹងកាលពីពេលថ្មីៗនេះថា ក្រុមរបស់គាត់នឹងសម្លឹងមើលការនាំយកកីឡាករចំណូលថ្មីបន្ថែមទៀតនៅពេលដែលទ្វារនៃទីផ្សារដោះដូរកីឡាករបើកដំណើរការឡើងវិញនៅខែមករាឆ្នាំ 2023។
ទោះបីជាមានបញ្ហាហិរញ្ញវត្ថុក៏ដោយ ក៏ក្លឹបយក្សកាតាឡាន់នៅតែជាក្លឹបដែលមានសកម្មភាពខ្លាំងក្នុងទីផ្សារដោះដូរកីឡាករនាពេលចុងក្រោយនេះ ហើយបាននាំយកកីឡាករថ្មីៗដូចជា Raphinha, Jules Kounde, Robert Lewandowski, Franck Kessie, Andreas Christensen, Hector Bellerin និង Marcos Alonso។
ដូចគ្នានេះដែរ Barcelona កំពុងត្រូវបានគេមើលឃើញថា បានទាក់ទងជាមួយនឹងកីឡាករមួយចំនួនរួចទៅហើយ និងត្រៀមផ្ទេរចូលនៅខែមករាឆាប់ៗនេះ។ កាន់តែច្បាស់ជាងនេះទៀតនោះ ប្រធានក្លឹបលោក Laporta ក៏បាននិយាយដែរថា គាត់កំពុងធ្វើការពិចារណា ដើម្បីបង្កើនប្រសិទ្ធិភាពរបស់ក្រុមនៅពាក់កណ្តាលនៃរដូវកាលឆ្នាំ 2022-2023 នេះ។
Laporta បានប្រាប់ Barca TV ថា៖ “យើងកំពុងធ្វើការងារមួយចំនួនសម្រាប់ទីផ្សារកីឡាកររដូវរងារនេះ។ យើងកំពុងពិភាក្សាជាមួយបុគ្គលិកកីឡា និងគ្រូបង្វឹក ដោយមានបំណងធ្វើឲ្យក្រុមនេះកាន់តែប្រសើរឡើង”។
ប្រភព: Sportsmole