បាល់ទាត់អន្តរជាតិ
បិសាចក្រហម Manchester United បន្តតាមប្រមាញ់ Dusan Vlahovic

ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា បានកំណត់យកខ្សែប្រយុទ្ធរបស់ក្លឹបសេះបង្កង់ Juventus គឺកីឡាករ Dusan Vlahovic ជាគោលដៅផ្ទេរនៅខែមករាខាងមុខនេះ សម្រាប់ជំនួសតំណែងរបស់ Cristiano Ronaldo។
កីឡាករសញ្ជាតិស៊ែប៊ីរូបនេះ គឺជាខ្សែប្រយុទ្ធដែលក្លឹបធំៗជាច្រើនចង់បានបំផុត ខណៈដែលបច្ចុប្បន្នគាត់នៅមានកុងត្រាជាមួយ Juventus រហូតដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2026។
ក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេដឹងថា ធ្លាប់បានទាក់ទងផ្ទេរ Vlahovic ផងដែរ ប៉ុន្តែកីឡាករវ័យ 22 ឆ្នាំរូបនេះបានបដិសេធ ហើយរួមរស់ជាមួយ Juventus មកទល់នឹងពេលនេះ។ Vlahovic រកបានគ្រាប់បាល់ 17 គ្រាប់ និង Assist បាន 3 ដងក្នុងការបង្ហាញខ្លួន 36 ប្រកួត កាលពីរដូវកាលមុន។
យោងតាមសារព័ត៌មាន The Telegraph បានឲ្យដឹងថា ថ្មីៗនេះក្លឹបបិសាចក្រហម Manchester United បានត្រៀមកញ្ចប់ថវិការួចរាល់ដើម្បីចុះហត្ថលេខាលើ Dusan Vlahovic ដែលជាអ្នកជំនួសតំណែងជាខ្សែប្រយុទ្ធកណ្ដាលរបស់ Cristiano Ronaldo។ ដូចគ្នានេះដែរ ប្រសិនបើបិសាចក្រហមមិនអាចចុះហត្ថលេខាលើ Vlahovic បានទេ នោះពួកគេនឹងមានគោលដៅទីពីរទៀតគឺកីឡាករ Benjamin Sesko របស់ក្លឹប Red Bull Salzburg។
ប្រភព: Sportsmole