បាល់ទាត់អន្តរជាតិ
Samuel Eto’o ទស្សន៍ទាយថា ក្រុមជម្រើសជាតិកាមេរូន នឹងលើកពាន World Cup ឆ្នាំនេះ

អតីតវីរបុរសរបស់ក្លឹប Barcelona លោក Samuel Eto’o បានទស្សន៍ទាយដ៏ចម្លែកមួយថា ក្រុមជម្រើសជាតិកាមេរូន នឹងលើកពាន FIFA World Cup ឆ្នាំ 2022 ដោយយកឈ្នះក្រុមជម្រើសជាតិម៉ារ៉ុក នៅក្នុងវគ្គផ្តាច់ព្រ័ត្រ។
ក្រុមជម្រើសជាតិកាមេរូនទទួលបានកៅអីដើម្បីធ្វើដំណើរទៅកាន់ការប្រកួត World Cup នៅប្រទេសកាតាជាថ្មីម្ដងទៀត បន្ទាប់ពីបានខកខានកាលពីឆ្នាំ 2018។ ក្រុមជម្រើសជាតិកាមេរូនដែលដឹកនាំដោយគ្រូបង្វឹកលោក Rigobert Song ត្រូវបានចាប់ឆ្នោតដោយស្ថិតនៅក្នុងពូល G ជាមួយនឹងក្រុមជម្រើសជាតិប្រេស៊ីល ស៊ែប៊ី និងស្វីស។ ដោយឡែកក្រុមជម្រើសជាតិម៉ារ៉ុកស្ថិតនៅក្នុងពូល F ដែលមានក្រុមជម្រើសជាតិក្រូអាត, បែលហ្សិក និងកាណាដា។
ថ្លែងទៅកាន់ ESPN (តាមរយៈ Daily Mail) លោក Eto’o បានអះអាងថា កាមេរូននឹងក្លាយជាក្រុមអាហ្វ្រិកដំបូងគេដែលលើកពាន FIFA World Cup។ គាត់បាននិយាយថា៖ “អាហ្រ្វិកតែងតែមានសក្តានុពលក្នុងការប្រកួតបាល់ទាត់ពិភពលោក ប៉ុន្តែយើងតែងតែបង្ហាញមុខមិនសូវបានល្អឡើយ។ ក្នុងអំឡុងពេលប៉ុន្មានឆ្នាំមកនេះ ក្រុមមកពីអាហ្រ្វិកទទួលបានបទពិសោធន៍កាន់តែច្រើនឡើង ហើយខ្ញុំគិតថាពួកគេត្រៀមខ្លួន មិនត្រឹមតែចូលរួមក្នុងការប្រកួតបាល់ទាត់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីឈ្នះវាផងដែរ។ កាមេរូន នឹងឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ជាមួយម៉ារ៉ុក”។
ប្រភព: Sportskeeda