Connect with us

បាល់ទាត់អន្តរជាតិ

កីឡាករ​មួយ​រូប​របស់​កូរ៉េ​ខាង​ជើង លេច​មុខ​សារ​ជា​ថ្មី​ក្នុង​ការ​ប្រកួត​ជម្រុះ World Cup ក្រោយ​បាត់​មុខ​ឈឹង​ពី​ពិភពបាល់ទាត់​អស់​រយៈ​ពេល 3 ឆ្នាំ

Published

on

កីឡាករ​បាល់ទាត់​របស់​កូរ៉េ​ខាង​ជើង Han Kwang-song បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង ក្នុង​ការ​ប្រកួត​ជម្រុះ World Cup 2026 នៃ​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន បន្ទាប់​ពី​គាត់​បាត់​មុខ​ឈឹង​អស់​រយៈ​ពេល 3 ឆ្នាំ ដែល​ស្ទើរ​តែ​ត្រូវ​គេ​បំភ្លេច​ចោល​ទៅ​ហើយ។

កីឡាករ​វ័យ 25 ឆ្នាំ​រូបនេះ​ធ្លាប់​ត្រូវ​បាន​គេ​ចាត់​ទុក​​ជា​យុវជន​ឆ្នើម​ដែល​មាន​អនាគត​ដ៏​ភ្លឺ​ស្វាង​បំផុត​របស់​កូរ៉េ​ខាងជើង ក្រោយ​ពេល​គេ​ចូលរួម​ជាមួយ​ក្លឹប Cagliari ដែល​ស្ថិត​នៅ​លីគ​កំពូល​នៃ​ប្រទេស​អ៊ីតាលី ក្នុង​ឆ្នាំ 2017 និង​បាន​បដិសេធ​មិន​ទទួល​សំណើរ​ពី​​ក្លឹប​ហង្សក្រហម Liverpool ទៀត​ផង ​ក្នុង​អំឡុង​ពេល​នោះ។

Han Kwang-song បាន​ក្លាយ​ជា​កីឡាករ​កូរ៉េ​ខាង​ជើង​ដំបូងគេ​ដែល​ស៊ុតបញ្ចូលទី​នៅ​លីគ​កំពូលរបស់​ទ្វីប​អឺរ៉ុប ជាមួយ​នឹង​គ្រាប់បាល់​ដែល​គាត់​រក​បាន​ក្នុង​ការ​បង្ហាញ​ខ្លួន​ប្រកួត​ទីពីរ​របស់​គាត់​សម្រាប់​ក្លឹប Cagliari។ ក្រោយ​មក​ទៀត នៅ​ឆ្នាំ 2019 ខ្សែប្រយុទ្ធ​រូបនេះ​បាន​ចូលរួម​ជាមួយ Juventus ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ប៉ុន្តែ​បាន​ចំណាយ​ពេល​ត្រឹម​តែ 4 ខែប៉ុណ្ណោះ ក្លឹប​របស់​គាត់​បាន​លក់ Han Kwang-song ទៅ​ឲ្យ Al-Duhail របស់​កាតា ក្នុង​តម្លៃ 7 លានអឺរ៉ូ (5.8 លានផោន) ក្នុង​ខែមករា ឆ្នាំ 2020។

ជាមួយ​ក្លឹប Al-Duhail ខ្សែប្រយុទ្ធ​រូប​នេះ បាន​ស៊ុត​បញ្ចូលទី 5 គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន 16 ប្រកួត និង​បាន​ជួយ​ក្លឹប​ឲ្យ​ឈ្នះពាន​រង្វាន់ Qatar Stars League នៅ​ចុង​ឆ្នាំ​នោះ​ទៀត​ផង។ ប៉ុន្តែ​​ភាព​ខ្មៅ​ងងឹត​នៃ​អាជីព​បាល់ទាត់​របស់គាត់​បាន​កើត​ឡើង ដោយ Han Kwang-song ​ត្រូវ​បាន​ផ្អាក​មិន​ឲ្យ​លេង​បាល់ទាត់ បន្ទាប់ពី​ទណ្ឌកម្ម​របស់​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការសហប្រជាជាតិ (UNSC) បាន​រារាំង​ប្រជាជន​កូរ៉េខាងជើង​ទាំង​អស់ មិន​ឲ្យ​​ធ្វើការ​យក​ប្រាក់​ខែ​នៅ​បរទេស ដោយសារ​មាន​ក្តីបារម្ភ​ថា ប្រាក់ខែ​របស់​ពួកគេ​ត្រូវបាន​ផ្ទេរ​ទៅ​ទឹកដី​កំណើត ហើយ​គាំទ្រ​កម្មវិធី​នុយក្លេអ៊ែរ និង​អាវុធ​របស់​លោក គីម ជុងអ៊ុន។

Han Kwang-song បាន​បង្ហាញ​ខ្លួន​លើក​ចុងក្រោយ​របស់​គាត់​សម្រាប់​ក្លឹប Al-Duhail ក្នុង​ខែ​សីហា ឆ្នាំ 2020 មុន​ពេល​កុងត្រា​របស់​គាត់​ត្រូវ​បាន​បញ្ចប់ ហើយ​គាត់​ត្រូវ​បាន​គេ​និរទេស​ចេញ​ពី​ប្រទេស​កាតា។ ទោះ​ជា​យ៉ាង​នេះ​ក្តី Han Kwang-song ត្រូវ​បាន​ជាប់គាំង និង​មិន​អាច​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​បាន​ទេ ដោយ​សារ​ប្រទេស​កូរ៉េ​ខាងជើង​បាន​បិទព្រំដែន​របស់​ខ្លួន ដោយ​សារ​ជំងឺ​រាតត្បាត​នៃ​មេរោគ​ឆ្លង (កូរ៉ូណា)។

ពេល​នោះ Han Kwang-song ត្រូវ​បាន​គេ​គិត​ថា បាន​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​អ៊ីតាលី​វិញ ដើម្បី​រស់នៅ​ក្នុង​ស្ថាន​ទូត​កូរ៉េ​ខាងជើង ប៉ុន្តែ​គាត់​មិន​អាច​ចុះ​ហត្ថលេខា​សម្រាប់​ក្លឹប​បាល់ទាត់​ណា​ផ្សេង​ទៀត​នោះ​ទេ ដោយ​សារ​តែ​ទណ្ឌកម្ម​របស់ UNSC។

បន្ទាប់​ពី​នោះ​មក​គាត់​បាន​បាត់​មុខ​ឈឹង​រយៈ​ពេល 3 ឆ្នាំ ទើប​តែ​ពេល​ថ្មីៗ​នេះ គាត់​បាន​បង្ហាញ​ខ្លួន​សារ​ជា​ថ្មី​ជា​មួយ​ក្រុម​ជម្រើស​ជាតិ ក្នុង​ការ​ប្រកួត​ដែល​កូរ៉េ​ខាង​ជើង​បរាជ័យ 1-0 ជា​មួយ​ក្រុម​ជម្រើស​ជាតិ​ស៊ីរី​កាល​ពី​ថ្ងៃព្រហស្បតិ៍​សប្តាហ៍​មុន។ យ៉ាង​ណា​ប្រកួត​បន្ទាប់ កាល​ពី​ម្សិលមិញ​នេះ កូរ៉េ​ខាង​ជើង​បាន​យក​ឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ​មីយ៉ាន់ម៉ា 6-1 ក្នុង​វគ្គជម្រុះ World Cup លើក​ទីពីរ​របស់​ពួកគេ ខណៈ​ដែល Han Kwang-song ក៏​ស៊ុត​បញ្ចូលទី​បាន 1 គ្រាប់​ផង​ដែរ។

ប្រភព: Metro

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២