បាល់ទាត់អន្តរជាតិ
ក្លឹបបិសាចក្រហម Manchester United ចាប់អារម្មណ៍ចង់បាន Jurrien Timber

ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនរួចជាស្រេចក្នុងការព្យាយាមចុះហត្ថលេខាលើខ្សែការពារកណ្ដាល Jurrien Timber របស់ក្លឹប AFC Ajax នៅអំឡុងពេលទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះ។
ដោយឡែកកីឡាករវ័យ 21 ឆ្នាំ Jurrien Timber បច្ចុប្បន្នកំពុងមានទម្រង់លេងដ៏លេចធ្លោរយ៉ាងខ្លាំង ទាំងជាមួយក្លឹប និងជាមួយក្រុមជម្រើសជាតិ។ ទាំងនេះជាហេតុផលដែលគាត់ត្រូវបានចាប់អារម្មណ៍ពីក្លឹបធំៗជាច្រើន និងកំពុងត្រូវបានផ្សារភ្ជាប់ពីការផ្ទេរទៅកាន់ទឹកដី Old Trafford ផងដែរ ខណៈដែលលោក Erik ten Hag ក៏ជាអតីតគ្រូបង្វឹករបស់កីឡាកររូបនេះទៀតផង។
ទោះជាយ៉ាងណាក៏ដោយ Timber ត្រូវបានគេជឿថា បានបដិសេធនូវឱកាសក្នុងការផ្លាស់ទៅចូលរួមជាមួយក្លឹបបិសាចក្រហម និងពេញចិត្តក្នុងការចុះហត្ថលេខាលើការបន្តកុងត្រាថ្មីបន្ថែមពីលើកុងត្រាបច្ចុប្បន្នដែលមានសុពលភាពដល់ខែមិថុនា ឆ្នាំ 2025 ដើម្បីបន្តនៅ Amsterdam រយៈពេលយូរ។
ផ្ទុយមកវិញ យោងតាមរបាយការណ៍ពីអ្នកកាសែតអ៊ីតាលី Rudy Galetti បានឲ្យដឹងថា Erik ten Hag នឹងព្យាយាមបញ្ចុះបញ្ចូល Jurrien Timber ដើម្បីឲ្យគាត់ផ្ទេរមកបិសាចក្រហមនៅខែមករាខាងមុខ។ ដូចគ្នានេះដែរ លោក Erik ten Hag ពិតជាពេញចិត្តសមត្ថភាពរបស់ខ្សែការពារនេះខ្លាំងណាស់ ព្រោះគេអាចលេងជាខ្សែការពារកណ្ដាលក៏បាន និងជាខ្សែការពារស្ដាំក៏បាន។
ប្រភព: Sportsmole