Connect with us

បាល់ទាត់អន្តរជាតិ

ក្លឹប​ធំៗ 3 រួម​ទាំង Barcelona ផង​ដែរ កំពុង​ប្រជែង​គ្នា​ដើម្បី​ចុះ​ហត្ថលេខា​លើ Moukoko

Published

on

ក្លឹប​អ្នក​មាន Manchester City, Chelsea និង Barcelona ត្រូវ​​បាន​គេ​រាយការណ៍​ថា បាន​ចូល​រួម​ក្នុង​សង្គ្រាម​នៃ​ការដេញ​ថ្លៃ​មួយ ដើម្បី​​ចុះ​ហត្ថលេខា​ជាមួយ​នឹង​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប Borussia Dortmund គឺ​កីឡាករ Youssoufa Moukoko។

យ៉ាង​ណា​មិញ​ខ្សែប្រយុទ្ធ​ដែល​កើត​ក្នុង​ឆ្នាំ 2004 រូប​នេះ ទើប​តែ​មាន​អាយុ​គ្រប់ 18 ឆ្នាំ​កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន​ប៉ុណ្ណោះ ប៉ុន្តែ​គាត់​បាន​ក្លាយ​ជា​កីឡាករ​ម្នាក់​ដ៏​លេចធ្លោរ​សម្រាប់ Borussia Dortmund។ Moukoko បាន​ស៊ុត​បញ្ចូលទី 6 គ្រាប់ និង Assists 6 ដងក្នុង​ការ​បង្ហាញ​ខ្លួន 22 ប្រកួត​នៅ​រដូវកាល​នេះ។ លើស​ពី​នេះ​ទៅ​ទៀត កីឡាករ​វ័យ​ក្មេង​រូប​នេះ ត្រូវ​បាន​កោះ​ហៅ​ឲ្យ​ចូល​ក្រុម​ជម្រើស​ជាតិ​អាឡឺម៉ង សម្រាប់​ការ​ប្រកួត World Cup ឆ្នាំ 2022 ថែម​ទៀត​ផង។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ កុងត្រា​បច្ចុប្បន្ន​របស់ Youssoufa Moukoko មាន​សុពលភាព​ដល់​ថ្ងៃទី 30 ខែ​មិថុនា ឆ្នាំ 2023 ដែល​ធ្វើ​ឲ្យ​ក្លឹប Borussia Dortmund ត្រូវ​តែ​បង្ខំ​ចិត្ត​លក់​គាត់​ចេញ​នៅ​ខែ​មករា​ខាង​មុខ​នេះ ប្រសិន​បើ​មិន​អាច​ចរចា​ឲ្យ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​បន្ត​កុងត្រា​ថ្មី​បាន​ទេ​នោះ មិន​ដូច្នេះ​ទេ នៅ​ពេល​កុងត្រា​ផុត​កំណត់ Youssoufa Moukoko នឹង​ចាកចេញ​ទៅ​ក្លឹប​ផ្សេង​ដោយ​គ្មាន​តម្លៃ​ខ្លួន។

យោងតាម​របាយការណ៍​ពី The Mirror បាន​អះអាង​ថា Borussia Dortmund នឹង​អាច​លក់​កីឡាករ​រូប​នេះ​ក្នុង​តម្លៃ 26.2 លានផោន ហើយ​ក្លឹប​ដែល​កំពុង​ត្រៀម​ចង់​បាន​កីឡាករ​រូប​នេះ​មាន​ដូច​ជា Manchester City, Chelsea និង Barcelona។ យ៉ាង​ណា​ក្ដី គ្រប់​យ៉ាង​នឹង​ត្រូវ​ស្ថិត​នៅ​លើ​ការ​សម្រេច​ចិត្ត​របស់ Youssoufa Moukoko តើ​ចង់​បន្ត​នៅ​ទឹកដី​អាឡឺម៉ង់ រឺ​ចង់​ចាកចេញ​ទៅ​ក្លឹប​ណាមួយ​ដែល​គេ​ពេញ​ចិត្ត។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២