Connect with us

បាល់ទាត់អន្តរជាតិ

ក្លឹប​កាំភ្លើងធំ Arsenal បំបាក់​បិសាចក្រហម Manchester United 3-1 ធ្វើ​ឲ្យ​មានភាគរយ​កាន់​តែ​ខ្ពស់​សម្រាប់​លេង UCL ឆ្នាំ​ក្រោយ

Published

on

នៅ​មុន​នេះ​បន្តិច គឺ​ជា​ការ​ប្រកួត​របស់​ក្លឹប​កាំភ្លើងធំ Arsenal និង​ក្លឹប​បិសាចក្រហម Manchester United ដែល​ជា​ការ​ប្រកួត​ដ៏​សំខាន់​មួយ​រវាង​ក្រុម​ទាំង​ពីរ ខណៈ​ដែល Arsenal កំពុង​ប្រជែង​យក Top 4 ហើយ​បិសាចក្រហម Manchester United កំពុង​ព្យាយាម​បន្ត​ក្ដី​សង្ឃឹម​ក្នុង​ការ​យក Top 4 ដែរ។

ជា​លទ្ធផល​ក្លឹប​បិសាចក្រហម Manchester United ត្រូវ​បាន​ក្រុម​ម្ចាស់​ផ្ទះ Arsenal បំបាក់​ក្នុង​លទ្ធផល​ 3 ទល់​នឹង 1 ដែល​ធ្វើ​ឲ្យ​ក្លឹប​កាំភ្លើងធំ Arsenal បាន​ឡើង​មក​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ 4 បណ្ដោះ​អាសន្ន ហើយ​ក្លឹប Manchester United បន្ត​ឈរ​នៅ​លេខ​រៀង​ទី 6 នៃ​ក្របខណ្ឌ Premier League។

មក​ទល់​នឹង​ពេល​នេះ ក្លឹប​បិសាចក្រហម Manchester United ហាក់​ដូច​ជា​បាត់បង់​ឱកាស​ស្ទើរ​តែ​ទាំង​ស្រុង​ទៅ​ហើយ សម្រាប់​ក្ដី​សង្ឃឹម​ក្នុង​ការ​លេង​នៅ​ក្របខណ្ឌ UEFA Champions League រដូវកាល​ក្រោយ។

បី​គ្រាប់​របស់​ក្លឹប​កាំភ្លើងធំ Arsenal ស៊ុត​បញ្ចូលទី​ដោយ​ខ្សែការពារ​ស្លាប Nuno Tavares នៅនាទីទី 3, Bukayo Saka នៅនាទីទី 32 ដែល​ជា​បាល់​ប៉េណាល់ទី ដោយ​ការ​បង្ក​កំហុស​ពី​ខ្សែការពារ Alex Telles។ មួយ​គ្រាប់​ទៀត គឺ​ជា​ការ​ស៊ុត​បាល់​ពី​ចម្ងាយ​ដ៏​ល្អ​របស់​ខ្សែ​បម្រើ Granit Xhaka នៅនាទីទី 70។

យ៉ាង​ណា​មិញ មួយ​គ្រាប់​របស់​ក្លឹប​បិសាចក្រហម Manchester United គឺ​ជា​ការ​ស៊ុត​បញ្ចូល​ទី​ដោយ​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo នៅ​នាទីទី 34។ ហើយ​នៅ​នាទីទី 56 ក្លឹប​បិសាចក្រហម​មាន​ឱកាស​ក្នុង​ការ​តាម​ស្នើ​ផង​ដែរ តាម​រយៈ​បាល់​ប៉េណាល់ទី ប៉ុន្តែ Bruno Fernandes ស៊ុត​បុក​បង្គោលទី​ចេញ​ក្រៅ។

ពេញ​ម៉ោង​នៃ​ការ​ប្រកួត ក្រុម​ទាំង​ពីរ មាន​ស្ថិតិ​នៃ​ការ​ស៊ុត និង​ការ​គ្រប់​គ្រង​បាល់​ប្រហាក់​ប្រហែល​គ្នា តែ Arsenal ធ្វើ​បាន​ល្អ​ជាង និង​អាច​យក​ឈ្នះ​លើ​ក្រុម​បិសាចក្រហម Manchester United។

ប្រភព: 90 Min

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២