បាល់ទាត់អន្តរជាតិ
Lewandowski ស៊ុត Hat-trick ក្នុងជំនួបទល់នឹង Valencia
កាលពីរំលងអាធ្រាតយប់មិញ ក្លឹបអ្នកមានបុណ្យ Barcelona និង Valencia បានប៉ះគ្នាក្នុងការប្រកួតជុំទី 33 នៃក្របខណ្ឌ La Liga របស់អេស្ប៉ាញ។ យ៉ាងណាមិញ ក្លឹបយក្សកាតាឡាន់ បានទទួលជ័យជម្នះក្នុងការប្រកួតនេះ ដើម្បីរក្សាចំណាត់ថ្នាក់លេខ 2 របស់ពួកគេបន្តទៀត ប៉ុន្តែនៅតែមានគម្លាតពិន្ទុឆ្ងាយពី Real Madrid ដដែល។
ចោលភ្នែកក្រឡេកមកមើលការប្រកួត នៅតង់ទី 1 នាទីទី 22 Barcelona មានឱកាសនាំមុខមុន ដោយការតែតបាល់ពីកីឡាករ Fermin Lopez។ ទោះជាយ៉ាងណាក៏ដោយ ភាពរីករាយរបស់ពួកគេមានរយៈពេលខ្លី បន្ទាប់ពី Hugo Duro របស់ Valencia បានស៊ុតបំប៉ោងសំណាញ់ទី ដើម្បីតាមស្មើ 1-1 វិញ។
បន្ទាប់មកទៀតនៅនាទីទី 38 ខ្សែការពារ Ronald Araujo បានបណ្តោយឲ្យកើតមានបាល់ពិន័យ 11 ម៉ែត្រ ហើយ Pepeleu បានស៊ុតប៉េណាល់ទីបានសម្រេច។ ជាសំណាងមិនល្អរបស់ Valencia នៅនាទីទី 45+4 កីឡាករ Georgi Mamardashvili បានបង្ករកំហុសធ្វើឲ្យមានកាតក្រហម។
ចាប់ពីដើមតង់ទី 2 ទៅ Valencia បានលេងក្រោមសម្ពាធជាខ្លាំង បន្ទាប់ពីមានគ្នាត្រឹមតែ 10 នាក់។ មិនយូរប៉ុន្មាននៅនាទីទី 49 ខ្សែប្រយុទ្ធ Robert Lewandowski បានស៊ុតតាមស្មើ 2-2 វិញ។ បន្តមកទៀតនៅចុងម៉ោងនៃការប្រកួតនាទីទី 82 និងនាទីទី 90+3 ខ្សែប្រយុទ្ធឆ្នើមរូបនេះ បានស៊ុតបញ្ចូលទីថែម 2 គ្រាប់ ដែលជួយ Barcelona ឲ្យឈ្នះការប្រកួត 4-2។
ប្រភព: Dailysports