Connect with us

បាល់ទាត់អន្តរជាតិ

Carlo Ancelotti ក្លាយ​ជា​គ្រូ​បង្វឹក​ដំបូង​គេ​បង្អស់ ដែល​ធ្លាប់​ឈ្នះពាន​លីគ​​កំពូល​ទាំង​ប្រាំ​នៅ​តំបន់​អឺរ៉ុប

Published

on

ក្លឹប Real Madrid បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក La Liga កាល​ពី​ម្សិល​មិញ​នេះ បន្ទាប់​ពី​ជ័យជម្នះ 4-0 លើក្រុម Espanyol ខណៈ​ដែល​វា​គឺ​ជា​រដូវកាល​ដំបូង​នៃ​ការ​ចូល​មក​ដឹកនាំ​ជា​ថ្មី​ម្ដង​ទៀត​របស់​លោក Carlo Ancelotti។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ គឺ​លោក Carlo Ancelotti បានក្លាយ​ជា​អ្នក​ចាត់ការ​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ ដែល​ធ្លាប់​ឈ្នះ​ពានរង្វាន់​លីគ​កំពូល​ទាំង​ប្រាំ​នៅ​តំបន់​អឺរ៉ុប។ គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​រូប​នេះ​បាន​បរាជ័យ​ក្នុង​ការ​ឈ្នះពាន​លីក​កំពូល​របស់​អេស្ប៉ាញ កាល​ពី​មក​ដឹកនាំ​ដំបូង​នៅ Santiago Bernabeu ជំនាន់​ឆ្នាំ 2013–2015។

បន្ទាប់​ពី​បរាជ័យ​ក្នុង​ការ​ឈ្នះ​ពាន Serie A នៅ​ប្រទេស​អ៊ីតាលី ក្នុង​អំឡុង​ឆ្នាំ​ដែល​គាត់​ដឹកនាំ Reggiana, Parma និង Juventus ពេលនោះ Carlo Ancelotti បាន​មក​ដឹកនាំ​នៅ AC Milan ក្នុងឆ្នាំ 2004 ហើយ​ក៏​បាន​ឈ្នះពាន​លីគ​ជាមួយ AC Milan តែ​ម្ដង។

ក្រោយ​មក​ទៀត​លោក Ancelotti បាន​ចាកចេញ​ពី AC Milan ក្នុងឆ្នាំ 2009 ដើម្បី​មក​ចូល​រួម​ជាមួយ Chelsea។ ក្លឹប​តោខៀវ Chelsea បាន​ឈ្នះពានរង្វាន់ Premier League ក្នុងរដូវកាល​ដែល​គាត់​ដឹកនាំ​ដំបូង​ឆ្នាំ 2009–2010។ ក្រោយ​មក​ទៀត​ក្លឹប Chelsea បាន​បណ្ដេញ​លោក Ancelotti ចេញ​ពី​តំណែង នៅថ្ងៃទី 22 ខែឧសភា ឆ្នាំ 2011 បន្ទាប់​ពី​ក្លឹប​មិន​អាច​ឈ្នះ​ពាន​សម្បី​តែ​មួយ ក្នុង​រដូវកាល​នោះ។

បន្ទាប់​មក Carlo Ancelotti មិន​បាន​ធ្វើ​ការងារ​អ្វី​ឡើយ​រយៈ​ពេល​ប្រាំមួយខែ ហើយ​ក៏​ក្លាយ​ជា​អ្នកចាត់ការ​ថ្មីរបស់ Paris Saint-Germain និង​បាន​លើកពាន Ligue 1 នៅ​ឆ្នាំ​បន្ទាប់ (2013) មុន​ពេល​ផ្ទេរ​ទៅ Real Madrid។

លោក Ancelotti បាន​នាំ Real Madrid ឲ្យ​ឈ្នះ​ពាន UEFA Champions League ជា​លើកទី​ដប់​របស់​ពួក​គេ ប៉ុន្តែ Atletico Madrid បាន​ដណ្ដើម​យកពាន​លីគ​កំពូល La Liga ក្នុង​រដូវ​កាលនោះ ហើយគាត់​បាន​ចាកចេញ​ពី​ទឹកដី​អេស្ប៉ាញ​ក្នុងឆ្នាំ 2015។

នៅ​ឆ្នាំ 2016 លោក Ancelotti បាន​ទៅ​ដឹកនាំ​នៅ Bayern Munich និង​បាន​លើក​ពាន Bundesliga នៅ​ឆ្នាំ​នោះ។

ក្រោយ​មក​ទៀត​លោក​បាន​មក​ដឹកនាំ​នៅ Napoli និង Everton។ នៅ​ទីនោះ មិន​មាន​អ្វី​គួរ​ឲ្យ​ចាប់​អារម្មណ៍​សម្រាប់​គ្រូ​បង្វឹក​រូប​នេះ​ឡើយ ហើយ​ត្រូវ​បាន​ក្លឹប Real Madrid ហៅ​ឲ្យ​មក​កាន់​ទឹកដី Bernabeu ជា​ថ្មី​ម្ដង​ទៀត ដើម្បី​ស្នង​តំណែង​អតីត​គ្រូបង្វឹក Zinedine Zidane ហើយ​ក៏​បាន​ឈ្នះពាន La Liga នៅ​រដូវកាល​នេះ​តែ​ម្ដង។

ប្រភព: 90 Min

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២