បាល់ទាត់អន្តរជាតិ
Carragher លើកឡើងថា Gabriel Jesus កំពុងរះចែងចាំងនៅ Premier League ជាមួយ Arsenal
អតីតវីរបុរសរបស់ក្លឹបហង្សក្រហម Liverpool លោក Jamie Carragher បានលើកឡើងថា កីឡាករចំណូលថ្មីរបស់ក្លឹបកាំភ្លើងធំ Arsenal គឺខ្សែប្រយុទ្ធ Gabriel Jesus កំពុងក្លាយជាតារារះនៅ Premier League ក្នុងរដូវកាលនេះ។
ជាការពិតណាស់ កីឡាករវ័យ 25 ឆ្នាំ Gabriel Jesus ពិតជាមានទម្រង់លេងយ៉ាងល្អ ចាប់តាំងពីបានផ្ទេរពីក្លឹបមេឃខៀវ Manchester City មកចូលរួមជាមួយក្រុមកាំភ្លើងធំ ក្នុងកុងត្រារហូតដល់ឆ្នាំ 2027។
Gabriel Jesus បានក្លាយជាកូនសិស្សសំណព្វចិត្តរបស់ Mikel Arteta ហើយក្រុមរបស់ពួកគេបានឈ្នះទាំងបីប្រកួតនៃការប្រកួតបើកឆាក Premier League នៅរដូវកាលនេះ ខណៈដែល Gabriel Jesus បានរួមចំណែកដ៏សំខាន់ជាមួយនឹងការស៊ុតបញ្ចូលទីបាន 2 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន 3 ដង។
ដូចគ្នានេះដែរលោក Carragher គិតថា ការចុះហត្ថលេខាលើ Gabriel Jesus គឺជាការចុះហត្ថលេខាដ៏មានសក្ដានុពលជាងគេបំផុតនៅរដូវកាលឆ្នាំ 2022/23 ។ លើសពីនេះទៅទៀត Carragher ថែមទាំងបានលើកឡើងថា គាត់គឺជាកីឡាករល្អបំផុតរបស់ Premier League បច្ចុប្បន្ននេះ។
ប្រភព: Dailypost NG