បាល់ទាត់អន្តរជាតិ
Barcelona និង Real Madrid ចាប់អារម្មណ៍ចង់បាន Gabriel Jesus

ខ្សែប្រយុទ្ធ Gabriel Jesus របស់ក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថា កំពុងស្ថិតនៅលើរ៉ាដារបស់ក្លឹបយក្សរបស់អេស្ប៉ាញគឺ Barcelona និង Real Madrid ដោយក្លឹបទាំងពីរនេះត្រូវបានគេជឿថា កំពុងមានចំណាប់អារម្មណ៍ក្នុងការនាំយកគាត់ទៅកាន់ទឹកដី La Liga នៅចុងបញ្ចប់នៃរដូវកាលខាងមុខ។
កីឡាករវ័យ 26 ឆ្នាំរូបនេះបានផ្ទេរទៅកាន់ក្លឹបកាំភ្លើងធំ Arsenal បន្ទាប់ពីសម្រេចចិត្តចាកចេញពីក្លឹប Manchester City នៅរដូវក្តៅឆ្នាំ 2022 ហើយគិតចាប់តាំងពីពេលនោះមក គាត់បានលេងតំណាងឲ្យក្លឹបកាំភ្លើងធំសរុបចំនួន 44 ប្រកួតមកហើយ ដោយបានស៊ុតបញ្ចូលទីសរុប 15 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 9 ដង។
ផ្សេងពីនេះដែរ កាលពីរដូវកាលមុន Gabriel Jesus រកបានគ្រាប់បាល់ 11 គ្រាប់ និង Assist 8 ដង ក្នុងការបង្ហាញខ្លួន 33 ប្រកួត ខណៈដែលក្លឹបរបស់ខ្លួនមានឱកាសក្លាយជាជើងឯករង Premier League។ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានស៊ុតបាល់បញ្ចូលទីបានតែម្តងគត់ក្នុងក្របខ័ណ្ឌ Premier League រដូវកាលនេះ ប៉ុន្តែគាត់ពិតជាអស្ចារ្យណាស់នៅក្របខណ្ឌ UEFA Champions League ដោយស៊ុតបញ្ចូលទីបាន 3 គ្រាប់ ក្នុងការបង្ហាញខ្លួនចំនួន 3 ប្រកួត។
ស្របពេលដែលទម្រង់លេងរបស់គាត់នៅតែលេចធ្លោរខ្លាំង របាយការណ៍ពី AS បានឲ្យដឹងថា ក្លឹប Barcelona និង Real Madrid ចាប់អារម្មណ៍លើកីឡាករវ័យ 26 ឆ្នាំរូបនេះ ដោយក្លឹបទាំងពីរនេះត្រូវបានគេដឹងថា ធ្លាប់ចង់បាន Gabriel Jesus តាំងពីពេលគាត់សម្រេចចិត្តចាកចេញពី Man City ម្ល៉េះ។ បច្ចុប្បន្នពួកគេនៅតែរក្សាចិត្តចង់បាន ខ្សែប្រយុទ្ធរូបនេះដដែល ស្របពេលដែល Arsenal កំពុងរៀបចំគម្រោងរក្សាទុក Gabriel Jesus ដោយចរចាកុងត្រាថ្មី និងតម្លើងប្រាក់ពលកម្មរបស់គាត់ឲ្យបានច្រើននៅឆ្នាំក្រោយ។
ប្រភព: Sportsmole