បាល់ទាត់អន្តរជាតិ
Xavi សារភាពថា នៅតែដក់ជាប់អារម្មណ៍មិនសប្បាយចិត្តរឿងចាញ់ Bayern Munich 2-0
គ្រូបង្វឹករបស់ក្លឹបអ្នកមានបុណ្យ Barcelona លោក Xavi Hernandez បានសារភាពថា គាត់នៅតែមានអារម្មណ៍ខូចចិត្ត ជាមួយនឹងការបរាជ័យ 2-0 របស់ Barcelona ក្រោមស្នាដៃក្រុម Bayern Munich ក្នុងការប្រកួតក្របខ័ណ្ឌ UEFA Champions League កាលពីប៉ុន្មានថ្ងៃមុន។
ក្លឹប Barcelona ដែលស្ថិតក្នុងពូល C មានឱកាសជាច្រើនក្នុងការយកឈ្នះទៅលើក្រុមម្ចាស់ផ្ទះ Bayern Munich ប៉ុន្តែពួកគេគ្មានសំណាង និងបានខកខានឱកាសជាបន្តបន្ទាប់ រហូតដល់មានការរបូតគ្រាប់បាល់ 2 គ្រាប់ ដែលជាការស៊ុតបញ្ចូលទីរបស់ Lucas Hernandez និង Leroy Sane។
ថ្លែងទៅកាន់សារព័ត៌មានមុនជំនួបរបស់ Barcelona ជាមួយ Elche នៅកីឡដ្ឋាន Camp Nou ថ្ងៃនេះ Xavi បានសារភាពថា គាត់នៅតែសោកស្ដាយចំពោះការបរាជ័យជាមួយក្លឹប Bayern Munich ព្រោះទម្រង់លេងរបស់កូនក្រុមខ្លួនបានល្អ សាកសមនឹងឈ្នះក្នុងការប្រកួតនោះ។
លើសពីនេះទៅទៀត គ្រូបង្វឹក Barcelona បានបន្ថែមទៀតថា វាជារឿងដ៏អាម៉ាស់មួយ ដែលក្រុមរបស់លោកមិនអាចទទួលបានសូម្បីតែលទ្ធផលស្មើ ហើយក៏បានខកខានឱកាសនៃការស៊ុតបញ្ចូលទីជាច្រើនផងដែរ។ យ៉ាងណាគ្រូបង្វឹករូបនេះបានបន្ថែមថា គាត់នឹងរៀនសូត្រពីកំហុស ព្រោះគ្រប់យ៉ាងបានកើតឡើងរួចទៅហើយ។
ប្រភព: 90 Min