បាល់ទាត់អន្តរជាតិ
Jack Grealish ប្រាប់ថា Lionel Messi និង Kylian Mbappe ជាកីឡាករដែលគាត់ចាប់អារម្មណ៍ជាងគេនៅ World Cup
តារាបាល់ទាត់ឆ្នើមរបស់ក្រុមជម្រើសជាតិអង់គ្លេស Jack Grealish បានសរសើរចំពោះការបង្ហាញសមត្ថភាពដ៏អស្ចារ្យរបស់ Lionel Messi និង Kylian Mbappe នៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំនេះ ប៉ុន្តែគាត់បានជ្រើសរើសយកប្រេស៊ីលថាជាក្រុមល្អជាងគេទៅវិញ។
យ៉ាងណាក្នុងចំណោមក្រុមទាំង 32 មានតែក្រុមជម្រើសជាតិបារាំងប៉ុណ្ណេះ ដែលមានពិន្ទុពេញ និងបានឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយមុនគេ។ ក្រុមរបស់លោក Didier Deschamps បានចាប់ផ្តើមការប្រកួតជាមួយនឹងជ័យជម្នះទៅលើប្រទេសអូស្ត្រាលី ហើយបន្ទាប់មកបានផ្តួលប្រទេសដាណឺម៉ាក។ ទន្ទឹមនឹងជ័យជំនះរបស់ក្រុមជម្រើសជាតិបារាំងនេះដែរ Kylian Mbappe គឺជាកីឡាករដ៏សំខាន់ដែលជាអ្នកជួយដល់ក្រុម ដោយស៊ុតបញ្ចូលទីបាន 3 គ្រាប់ និង Assists 1 ក្នុងចំណោមប្រកួតសរុបទាំង 2 ប្រកួតរបស់បារាំង។
ដោយឡែកក្រុមជម្រើសជាតិអាហ្សង់ទីនដែលដឹកនាំដោយកាពីតែនក្រុម Lionel Messi បានរងបរាជ័យដ៏គួរឲ្យភ្ញាក់ផ្អើលក្រោមស្នាដៃក្រុមអារ៉ាប៊ីសាអូឌីត ដែលជាការប្រកួតបើកឆាករបស់ខ្លួន តែសំណាងល្អពួកគេបានយកឈ្នះម៉ិកស៊ិកូ 2-0 កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ដើម្បីបន្តក្ដីសង្ឃឹមទៅវគ្គបន្ទាប់ទៀត។ នៅក្នុងជ័យជម្នះរបស់អាហ្សង់ទីន ជាការរួមចំណែកដ៏ធំរបស់ Lionel Messi ដោយគាត់បានស៊ុតបញ្ចូលទី 1 គ្រាប់ និង Assist 1 គ្រាប់។
ក្រោយបានមើលការប្រកួតរបស់ Messi ពេលប៉ះម៉ិកស៊ិកូ Jack Grealish បាននិយាយថា Messi បានធ្វើរឿងដែលមិនគួរឲ្យជឿ ប៉ុន្តែគាត់នៅតែចាត់ទុកថា ប្រេស៊ីលជាក្រុមដែលខ្លាំងជាងគេ នឹងមានភាគរយខ្ពស់ក្នុងការលើកពាននៅកាតា។
Grealish បានប្រាប់ talkSPORT ថា៖ “និយាយដោយស្មោះត្រង់ ខ្ញុំបានមើលការប្រកួតទាំងអស់។ យើងមានអេក្រង់ទូរទស្សន៍នៅគ្រប់ទីកន្លែងក្នុងសណ្ឋាគារ ហើយវាជាការល្អដែលបានមើលការប្រកួតពេញមួយថ្ងៃ។ ខ្ញុំកំពុងមើល Messi លេងទល់នឹងម៉ិកស៊ិកូ, គាត់ពិតជាមិនគួរឲ្យជឿ។ គាត់ទើបតែបង្ហាញពីអ្វីដែលគាត់ចង់បាននៅក្នុងតង់ទី 2។ ប៉ុន្តែបន្ទាប់មកទៀត Mbappe ក៏បានធ្វើរឿងដ៏អស្ចារ្យដែរ”។
Jack Grealish បានបន្ថែមទៀតថា៖ “ខ្ញុំគិតថាមានក្រុមដ៏អស្ចារ្យជាច្រើន ក្រុមខ្លះមានកីឡាករម្នាក់ដែលល្អបំផុតមិនអាចបញ្ឈប់បាន ប៉ុន្តែខ្ញុំគិតថាប្រេស៊ីល គឺជាក្រុមដែលគួរឲ្យចាប់អារម្មណ៍បំផុតដែលខ្ញុំបានឃើញកន្លងមក”។
ប្រភព: Metro