បាល់ទាត់អន្តរជាតិ
Bernardo Silva ប្រាប់ពីបំណងចង់ចាកចេញពី Manchester City នៅថ្ងៃណាមួយ

ខ្សែបម្រើ Bernardo Silva របស់ក្លឹបមេឃខៀវ Manchester City បានបង្ហើបឲ្យដឹងថា គាត់ចង់ចាប់ផ្តើមជាមួយនឹងបទសោធន៍ថ្មីដែលនៅឆ្ងាយពីទឹកដី Etihad។ ដោយឡែកកីឡាករវ័យ 28 ឆ្នាំរូបនេះបានក្លាយជាកីឡាករដ៏សំខាន់សម្រាប់លោក Pep Guardiola ចាប់តាំងពីបានផ្ទេរពី Monaco កាលពីរដូវក្ដៅឆ្នាំ 2017។
Bernardo Silva ស៊ុតបញ្ចូលទីបាន 50 គ្រាប់ និង Assists បាន 56 ដងក្នុងការបង្ហាញខ្លួន 275 ប្រកួតសម្រាប់ Manchester City នៅគ្រប់ព្រឹត្តិការណ៍ប្រកួតទាំងអស់របស់ក្លឹប និងបានឈ្នះពានរង្វាន់សរុបចំនួន 11 រួមទាំងពាន Premier League ចំនួន 4 ផងដែរ។
ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់រូបនេះស្ថិតនៅក្រោមកុងត្រារបស់ Manchester City រហូតដល់ខែមិថុនា ឆ្នាំ 2025 ប៉ុន្តែមានការលើកឡើងខ្លះបានបង្ហាញថា Bernardo Silva ប្រហែលជាមិនចង់បន្តនៅជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួនទៀតឡើយ។
ថ្លែងទៅកាន់សារព័ត៌មានព័រទុយហ្គាល់ Record បុរសវ័យ 28 ឆ្នាំ Bernardo Silva បាននិយាយថា៖ “ខ្ញុំផ្តោតខ្លាំងលើរដូវកាលនេះ ហើយវាមិនសមហេតុផលទេក្នុងការនិយាយអំពីការចាកចេញ ព្រោះពួកយើងកំពុងនៅពាក់កណ្តាលរដូវកាលនេះទៅហើយ។ ខ្ញុំនឹងមិនលាក់បាំងឡើយពីគោលដៅរបស់ខ្ញុំក្នុងពេលប៉ុន្មានឆ្នាំខាងមុខនេះទេ ប្រសិនបើមានអ្វីល្អកើតឡើងនៅកន្លែងផ្សេង នោះប្រហែលជាការផ្លាស់ប្ដូរផែនការថ្មីកើតឡើង”។
ប្រភព: Sportsmole