បាល់ទាត់អន្តរជាតិ
Brighton ដាក់តម្លៃផ្ទេរជាង 70 លានអឺរ៉ូ សម្រាប់ក្លឹបណាដែលចង់បាន Mac Allister

ក្លឹប Brighton ត្រូវបានគេរាយការណ៍ថា បានដាក់តម្លៃផ្ទេរ 75 លានអឺរ៉ូ ដែលស្មើនឹង 65.8 លានផោន សម្រាប់ក្លឹបណាដែលចង់បានខ្សែបម្រើ Alexis Mac Allister របស់ពួកគេ។ ការដាក់តម្លៃដោយបើកចំហរនេះ ស្របពេលដែលគាត់ទទួលបានការចាប់អារម្មណ៍ពីក្លឹបធំៗមួយចំនួនរួមទាំង Manchester City ផងដែរ។
កីឡាករវ័យ 24 ឆ្នាំរូបនេះ បានក្លាយជាកីឡាករឆ្នើមដែលលេចធ្លោរខ្លាំងសម្រាប់ក្លឹប និងប្រទេសអាហ្សង់ទីនរបស់គាត់ចាប់តាំងពីរដូវកាលថ្មី 2022-2023។ ខ្សែបម្រើ Alexis Mac Allister បានបង្ហាញខ្លួនស្ទើរគ្រប់ប្រកួតសម្រាប់ Brighton ហើយកាលពីប៉ុន្មានខែមុន កីឡាកររូបនេះ គឺជាតួអង្គដ៏សំខាន់ ក្នុងដំណើរផ្សងព្រេងនៃការលើកពាន World Cup ឆ្នាំ 2022 របស់ក្រុមជម្រើសជាតិអាហ្សង់ទីនថែមទៀតផង។
Mac Allister ស៊ុតបញ្ចូលទីបាន 7 គ្រាប់ក្នុងការបង្ហាញខ្លួន 21 ប្រកួត នៅគ្រប់ព្រឹត្តិការណ៍ទាំងអស់របស់ក្លឹប។ ពាក្យចចាមអារ៉ាមចុងក្រោយមួយបានបង្ហាញថា ក្លឹបបិសាចក្រហម Manchester United, Chelsea, Arsenal, Atletico Madrid, Juventus និង Inter Milan សុទ្ធតែបានចាប់អារម្មណ៍ទៅលើ Mac Allister។
បច្ចុប្បន្នកុងត្រារបស់ Mac Allister ជាមួយក្លឹប Brighton មានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ 2025។ យ៉ាងណាក៏ដោយ យោងតាមរបាយការណ៍ពី Fichajes បានឲ្យដឹងថា ក្លឹប Brighton កំពុងដឹងពីស្ថានភាពរបស់ក្លឹបមួយចំនួនកំពុងចាប់អារម្មណ៍លើ Mac Allister ហើយពួកគេបានកំណត់តម្លៃនៃការដេញថ្លៃរួចហើយ គឺយ៉ាងតិច 75 លានអឺរ៉ូ។ Manchester City ជាក្លឹបដែលមានភាគរយខ្ពស់ជាងគេក្នុងការចុះហត្ថលេខាលើកីឡាករអាហ្សង់ទីនរូបនេះ ដោយពួកគេចង់នាំយកគាត់មកជំនួសកន្លែងរបស់ Ilkay Gundogan ដែលត្រៀមចាកចេញនៅចុងបញ្ចប់នៃរដូវកាល។
ប្រភព: Sportsmole