បាល់ទាត់អន្តរជាតិ
Varane បង្ហាញបំណងចង់ត្រឡប់ទៅអតីតក្លឹបចាស់វិញ ហើយចូលនិវត្តន៍នៅទីនោះ

កីឡាករឆ្នើម Raphael Varane ដែលជាខ្សែការពារកណ្តាលរបស់ក្លឹបបិសាចក្រហម Manchester United បានបង្ហើបថា គាត់នៅតែមានចិត្តចង់ត្រឡប់ទៅអេស្ប៉ាញវិញ និងចង់ចូលនិវត្តន៍នៅអតីតក្លឹបចាស់របស់ខ្លួន Real Madrid បើទោះបីជាគាត់ទទួលស្គាល់ថា ឱកាសនៃការវិលទៅ Bernabeu វិញ ទំនងជាមិនអាចទៅរួចក៏ដោយ។
យ៉ាងណាមិញកីឡាករសញ្ជាតិបារាំងដែលធ្លាប់បានឈ្នះពាន FIFA World Cup រូបនេះ បានចំណាយពេល 10 ឆ្នាំនៃជីវិតបាល់ទាត់របស់ខ្លួនជាមួយក្លឹបអធិរាជស Real Madrid និងបានឈ្នះពានស្ទើរគ្រប់យ៉ាងជាមួយក្លឹបយក្សអេស្ប៉ាញមួយនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ក្នុងឆ្នាំ 2021 គាត់ក៏ចាកចេញទៅ Old Trafford ជាមួយនឹងតម្លៃផ្ទេរ 40 លានអឺរ៉ូ (35.3 លានផោន)។
កីឡាករវ័យ 29 ឆ្នាំរូបនេះ នៅតែមានភាពលេចធ្លោរ និងក្លាយជាផ្នែកមួយដ៏សំខាន់របស់ក្លឹបបិសាចក្រហម តាំងពីក្លឹបស្ថិតក្នុងស្ថានភាពយ៉ាប់យ៉ឺន ក្រោមការដឹកនាំរបស់ Ole Gunnar Solskjaer និង Ralf Rangnick កាលពីរដូវកាលមុន។ មកទល់នឹងពេលនេះ ភាពល្អប្រសើរនៃការដឹកនាំរបស់គ្រូបង្វឹកលោក Erik ten Hag ខ្សែការពារ Raphael Varane បានក្លាយជាដៃគូដ៏ល្អនៅតំបន់ការពារកណ្ដាលជាមួយ Lisandro Martinez។
Varane ដែលនឹងឈានចូលវ័យ 30 ឆ្នាំ នៅខែក្រោយ មានកុងត្រានៅ Old Trafford រហូតដល់ចុងបញ្ចប់នៃរដូវកាល 2024-2025 ហើយកីឡាកររូបនេះត្រូវបានគេមើលឃើញថា នឹងមិនមានបំណងចាកចេញទៅក្លឹបណាផ្សេងទៀតឡើយ មុនកុងត្រាផុតកំណត់។
យើងបានដឹងថា កាលពីប៉ុន្មានខែមុន Varane បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិបារាំង ប៉ុន្តែគាត់នៅប្រកបអាជីពជាមួយក្លឹបដដែល។ ដោយឡែកថ្មីៗនេះទស្សនាវដ្តី GQ បានធ្វើបទសម្ភាសន៍ជាមួយខ្សែការពាររូបនេះ ហើយបង្ហាញពីក្លឹប 3 ដែលគាត់ធ្លាប់លេងជាមួយ មានដូចជា Real Madrid, Manchester United និងក្លឹបពីកុមារភាពរបស់គាត់ Lens។ ពួកគេបានសួរថា តើ Varane នឹងចូលនិវត្តន៍នៅក្លឹបណា? ពេលនោះ គាត់បានតបថា មិនមានក្លឹបណាផ្សេងឲ្យគាត់ជ្រើសរើសមុន Real Madrid ឡើយ ប៉ុន្តែការត្រឡប់ទៅវិញវាពិតជាមិនអាចទៅរួចនោះទេ។ ដូច្នេះប្រហែលជា Manchester United រឺ Lens ជាជម្រើសរបស់គាត់។
ប្រភព: Sportsmole