បាល់ទាត់អន្តរជាតិ
Manchester City ត្រៀមបន្តកុងត្រាថ្មី និងតម្លើងប្រាក់ខែខ្ពស់កប់ពពកដល់ Erling Haaland

ក្លឹបមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថា គ្រោងនឹងបន្តកុងត្រាថ្មីដល់ខ្សែប្រយុទ្ធរបស់ខ្លួន Erling Braut Haaland ជាមួយនឹងការតម្លើងប្រាក់ឈ្នួលក្នុងកម្រិតបំបែកកំណត់ត្រារបស់ Premier League ដែលមានទំហំទឹកប្រាក់ប្រមាណជា 500,000 ផោន ក្នុងមួយសប្តាហ៍។
ចាប់តាំងពីបានមកដល់ទឹកដីអង់គ្លេស ដោយផ្ទេរពី Borussia Dortmund កាលពីរដូវក្តៅឆ្នាំមុន កីឡាករសញ្ជាតិន័រវេសរូបនេះ បង្ហាញនូវភាពលេចធ្លោរ និងអង្រួនវិស័យបាល់ទាត់នៅក្នុងលីគកំពូលនៃប្រទេសអង់គ្លេសយ៉ាងខ្លាំង ជាពិសេសការបង្កើតនូវកំណត់ត្រាដ៏អស្ចារ្យក្នុងរយៈដ៏ខ្លីមិនធ្លាប់មាន។
បុរសឆ្នើម Erling Haaland រកបានគ្រាប់បាល់ 42 គ្រាប់ ដែលច្រើនជាងចំនួននៃការប្រកួតរបស់ខ្លួនត្រឹមតែ 37 ប្រកួតប៉ុណ្ណោះ។ បន្ថែមលើសពីនេះ គាត់ក៏មានស្ថិតិ Assists ចំនួន 5, ស៊ុតបញ្ចូលទី 28 គ្រាប់ ក្នុងការបង្ហាញខ្លួន 26 ប្រកួតនៅ Premier League។ នៅក្នុងលីគកំពូលដែលមានការប្រកួតប្រជែងខ្លាំងបែបនេះ មិនមានកីឡាកររូបណា អាចរកគ្រាប់បាល់បានលឿន និងងាយៗបែបនេះដូចជា Haaland ឡើយ។
កាលពីប៉ុន្មានសប្ដាហ៍មុន Manchester City បានចងជើង Julian Alvarez ជាមួយនឹងការចុះកុងត្រាថ្មី ហើយពួកគេក៏នឹងធ្វើរឿងបែបនេះសម្រាប់ Haaland ផងដែរ ដែលកុងត្រានោះនឹងមានសុពលភាពរហូតដល់ឆ្នាំ 2028 នៅក្នុងពេលឆាប់ៗខាងមុខ។ យ៉ាងណា មជ្ឈដ្ឋានបាល់ទាត់បានសន្មត់ថា ខ្សែប្រយុទ្ធរូបនេះនឹងយល់ព្រមបន្តកុងត្រាថ្មីតាមការស្នើរសុំរបស់ក្លឹប។
ប្រភព: Sportsmole