បាល់ទាត់អន្តរជាតិ
ប៉ះជាមួយ Liverpool ថ្ងៃស្អែកនេះ Manchester City នឹងមិនមានវត្តមានរបស់ Haaland ឡើយ

ខ្សែប្រយុទ្ធ Erling Haaland របស់ក្លឹបមេឃខៀវ Manchester City មិនត្រូវបានគេឃើញនៅក្នុងទីលាននៃការហ្វឹកហាត់កាលពីថ្ងៃព្រហស្បតិ៍ មុនការប្រកួត Premier League ចុងសប្តាហ៍នេះជាមួយនឹង Liverpool ឡើយ ខណៈដែលកន្លងមកគាត់ក៏បានដកឈ្មោះចេញពីការប្រកួតជម្រុះ Euro 2024 ចំនួន 2 ប្រកួតដំបូងរបស់ប្រទេសន័រវេសផងដែរ ដោយសាររបួស។
កីឡាករឆ្នើមរូបនេះ កំពុងមានភាគរយខ្ពស់ និងសង្ស័យថា ត្រូវខកខានការប្រកួតនៅ Etihad Stadium ជាមួយ Liverpool ថ្ងៃស្អែកវេលាម៉ោង 6:30 នាទីរសៀល (ម៉ោងនៅកម្ពុជា)។ Erling Haaland បានលេងតែជាងមួយម៉ោងប៉ុណ្ណោះក្នុងការប្រកួតចុងក្រោយរបស់ Manchester City ដែលជាការទទួលជ័យជម្នះក្នុងវគ្គ 8 ក្រុមចុងក្រោយនៃពានរង្វាន់ FA Cup ទៅលើ Burnley ហើយក៏ចាកចេញពីទីលានដោយមានបញ្ហាក្រលៀន។
យ៉ាងណា កីឡាករសំខាន់ៗផ្សេងទៀតរបស់ Manchester City អាចនឹងបង្ហាញខ្លួនជាធម្មតា ដែលកីឡាកររបស់ពួកគេបានត្រឡប់មកពីបំពេញកាតព្វកិច្ចសម្រាប់ក្រុមជម្រើសជាតិផងដែរ។ ខ្សែការពារ Ruben Dias, Nathan Ake និង Jack Grealish ស្ថិតក្នុងចំណោមកីឡាករដែលត្រៀមខ្លួនរួចជាស្រេច សម្រាប់ការប្រកួតស្អែកនេះ។
ប្រភព: Dailypost NG