បាល់ទាត់អន្តរជាតិ
Alexander-Arnold៖ Messi មិនត្រូវការការឈ្នះពាន World Cup ដើម្បីបញ្ជាក់ថា គាត់ជាកីឡាករល្អបំផុតនោះឡើយ

សម្រាប់មនុស្សជាច្រើនយល់ថា ខ្សែប្រយុទ្ធរបស់ក្លឹបយក្សបារាំង Paris Saint-Germain គឺកីឡាករ Lionel Messi មិនចាំបាច់ត្រូវការការឈ្នះពាន FIFA World Cup ដើម្បីឲ្យគេហៅថា ជាកីឡាករដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រនោះទេ។ យ៉ាងណា ខ្សែការពារ Trent Alexander-Arnold របស់ហង្សក្រហម Liverpool ក៏ជាមនុស្សម្នាក់ ដែលស្ថិតក្នុងចំណោមអ្នកទាំងនោះដែរ។
Alexander-Arnold បានប្រាប់ ESPN អាហ្សង់ទីនថា៖ “ខ្ញុំគិតថាអាហ្សង់ទីនសមនឹងឈ្នះពាននេះ (World Cup 2022) ជាមួយនឹងទម្រង់លេងដ៏ល្អ និងការប្រកួតដ៏អស្ចារ្យរបស់ពួកគេ។ ពិតណាស់ សូមអបអរសាទរ អ្វីដែលពួកគេសមនឹងទទួលបាន”។ ខ្សែការពាររូបនេះបានបន្ថែមទៀតថា៖ “ខ្ញុំគិតថា Messi មិនចាំបាច់មានអ្វី ដើម្បីបញ្ជាក់ប្រាប់នរណាម្នាក់ថា គាត់ជាកីឡាករល្អបំផុតនោះឡើយ”។
កន្លងមកយើងគ្រប់គ្នាបានដឹងហើយថា Alexander-Arnold គឺជាកីឡាករម្នាក់ដែលជាអ្នកគាំទ្រ Messi អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ គាត់ធ្លាប់សរសើរស្ទីលលេងរបស់ខ្សែប្រយុទ្ធអាហ្សង់ទីន និងធ្លាប់បានហៅម្ចាស់ពាន Ballon d’Or 7 សម័យកាលថាជា “កីឡាករល្អបំផុតមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្របាល់ទាត់” ទៀតផង។
ដូចគ្នានេះដែរ Lionel Messi បានបង្ហាញពីភាពលេចធ្លោរជាថ្មីម្ដងទៀតនៅ FIFA World Cup 2022 ខណៈដែលគាត់បានដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីនជាមួយនឹងការរួមចំណែករកបានគ្រាប់បាល់ 10 គ្រាប់។ គាត់ក៏បានក្លាយជាកីឡាករដំបូងគេ ដែលតែងតែស៊ុតបញ្ចូលទីយ៉ាងហោចណាស់មួយគ្រាប់ ក្នុងការប្រកួតជុំទី 4 នៃវគ្គជម្រុះ World Cup។
ប្រភព: Psgtalk