បាល់ទាត់អន្តរជាតិ
Manchester City លុតហង្សក្រហម Liverpool 4-1 ទាំងដែលគ្មានវត្តមានរបស់ Erling Haaland

ការប្រកួតរវាងក្រុមខ្លាំង 2 នៅ Premier League រវាង Manchester City និងហង្សក្រហម Liverpool ទើបនឹងបញ្ចប់ទៅមុននេះបន្តិច ខណៈដែលម្ចាស់ផ្ទះ Manchester City បានលុតក្រុមភ្ញៀវ ក្នុងលទ្ធផលដ៏ចាស់ដៃ 4 ទល់នឹង 1។ បើទោះបីជា Liverpool ជាម្ចាស់គ្រាប់បាល់បើកឆាកតាំងពីនាទីទី 17 ដែលស៊ុតបញ្ចូលទីដោយ Mohamed Salah ប៉ុន្តែពួកគេត្រូវបានគូប្រកួតវាយបកយកឈ្នះវិញរហូតដល់ 4 គ្រាប់។
ជ័យជម្នះនេះដែរ Manchester City នៅតែបន្តរឈរនៅចំណាត់ថ្នាក់លេខ 2 ក្នុងតារាង Premier League ដោយចាញ់ក្រុមលេខ 1 កាំភ្លើងធំ Arsenal ចំនួន 5 ពិន្ទុ។ ទន្ទឹមនឹងនេះដែរ ការបរាជ័យរបស់ Liverpool បានធ្វើឲ្យគេមានពិន្ទុស្មើជាមួយ Brighton ដដែល ប៉ុន្តែ Brighton នៅសល់ប្រកួតចំណេញរហូតដល់ 2 ប្រកួត។
យើងឃើញថា ក្លឹបមេឃខៀវ Manchester City នៅតែមានទម្រង់លេងល្អខ្លាំង ទោះបីអវត្តមានខ្សែប្រយុទ្ធសំខាន់ Erling Haaland ដែលកំពុងមានរបួស ហើយលោក Pep Guardiola បានប្រើប្រាស់ Julian Alvarez ជាខ្សែប្រយុទ្ធកណ្ដាលជំនួសវិញ។ ពិតណាស់ Alvarez បានបង្កើតឱកាសជាច្រើន និងជាម្ចាស់គ្រាប់បាល់វាយបកតាមស្មើ 1-1 នៅនាទីទី 27។ ក្រោយមកទៀតទើប Kevin De Bruyne ស៊ុតមួយគ្រាប់នៅនាទីទី 46, Ilkay Gundogan នៅនាទីទី 53 និងគ្រាប់ចុងក្រោយដោយ Jack Grealish នៅនាទីទី 74។
ប្រភព: Dailymail