បាល់ទាត់អន្តរជាតិ
Real Madrid ត្រៀមចាយលុយ 90 លានផោន ដើម្បីទិញយកខ្សែការពារមួយរូបរបស់តោខៀវ Chelsea

ក្លឹបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថា កំពុងត្រៀមខ្លួនរួចជាស្រេច ក្នុងការចំណាយប្រាក់រហូតដល់ទៅ 90 លានផោន សម្រាប់ការផ្ទេរខ្សែការពារឆ្នើម Reece James របស់ក្លឹបតោខៀវ Chelsea នៅក្នុងអំឡុងពេលនៃទីផ្សារដោះដូរកីឡាករចុងបញ្ចប់នៃរដូវកាលនេះ។
កីឡាករសញ្ជាតិអង់គ្លេស Reece James ថ្មីៗនេះបានចុះកុងត្រាថ្មីរយៈពេល 6 ឆ្នាំនៅ Stamford Bridge។ យ៉ាងណាមិញតោខៀវ Chelsea តែងតែចាត់ទុកកីឡាករវ័យ 23 ឆ្នាំរូបនេះ ជាទ្រព្យសម្បត្តិដ៏មានតម្លៃ ខណៈដែលកីឡាកររូបនេះបានប្រសូត្រចេញពីថ្នាលយុវជនរបស់ក្លឹបផ្ទាល់តែម្ដង និងបានប្រូម៉ូតឡើងមកលេងជាមួយឈុតធំជាផ្លូវការណ៍ក្នុងខែឧសភា ឆ្នាំ 2019។
យ៉ាងណាមិញ Reece James បានជួបប្រទះនូវបញ្ហារបួសជាបន្តបន្ទាប់នៅរដូវកាលនេះ និងធ្វើឲ្យខកខានការប្រកួតជាច្រើន ដោយនៅក្នុងក្របខណ្ឌ Premier League គាត់បង្ហាញខ្លួនបានត្រឹមតែ 12 ប្រកួតប៉ុណ្ណោះ។ ទោះបីជាបែបនេះក៏ដោយ ក្រោយការវិលត្រឡប់មកវិញ ខ្សែការពារឆ្នើមរូបនេះ នៅតែរក្សាបាននូវទម្រង់លេងល្អប្រសើរដូចមុន។
យោងតាម Football Insider ដែលបានចុះផ្សាយថ្មីៗនេះ បានឲ្យដឹងថា ក្លឹបអធិរាជស Real Madrid ចង់នាំយក Reece James មកកាន់ទឹកដី Santiago Bernabeu នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយសុខចិត្តចំណាយប្រាក់ 90 លានផោនទៅលើដំណើរនៃការផ្ទេរមួយនេះ។ ដូចគ្នានេះដែរ Chelsea ត្រូវបានគេដឹងថា មិនចង់លក់ Reece James ឡើយ ប៉ុន្តែប្រសិនបើក្រុមនៅតែមានទម្រង់លេងមិនល្អ ហើយគ្មានកៅអីលេងពានធំៗដូចជា UEFA Champions League ជាដើមនោះ ពួកគេប្រហែលជាមិនអាចឃាត់ឃាំងគាត់មិនឲ្យចាកចេញបានឡើយ។
ប្រភព: Sportsmole