បាល់ទាត់អន្តរជាតិ
Thomas Tuchel ចង់ឲ្យក្លឹបរបស់ខ្លួនចុះហត្ថលេខាលើខ្សែបម្រើ Casemiro

គ្រូបង្វឹករបស់ក្លឹប Bayern Munich លោក Thomas Tuchel ត្រូវបានគេរាយការណ៍ថា បានកំណត់គោលដៅរបស់គាត់លើខ្សែបម្រើ Casemiro របស់ក្លឹបបិសាចក្រហម Manchester United។ យោងតាមសារព័ត៌មានរបស់អាឡឺម៉ង់ Kicker បានឲ្យដឹងថា គ្រូបង្វឹករូបនេះចង់ចុះហត្ថលេខាលើកីឡាករដែលមានបទពិសោធន៍ ដើម្បីដោះស្រាយបញ្ហារបស់ក្រុមនៅចុងបញ្ចប់នៃរដូវកាលនេះ។
ដូចគ្នានេះដែរលោក Thomas Tuchel បានសម្លឹងមើលឃើញថា Casemiro គឺជាបេក្ខភាពដ៏សាកសមបំផុត ខណៈដែលខ្សែបម្រើសញ្ជាតិប្រេស៊ីលរូបនេះ លេងបានយ៉ាងល្អនៅតំបន់បម្រើកណ្ដាល និងជាពិសេសគាត់ជាកីឡាករដែលពោរពេញដោយបទពិសោធន៍ជោគជាំក្នុងការលេងពាន UEFA Champions League ផងដែរ។
រដូវកាលនេះមិនមែនជារដូវកាលដ៏ល្អរបស់ Bayern Munich ឡើយ ដោយបច្ចុប្បន្នពួកគេកំពុងឈរនៅចំណាត់ថ្នាក់លេខ 2 ក្នុងក្របខណ្ឌ Bundesliga នៅពីក្រោយ Borussia Dortmund ហើយកាលពីប៉ុន្មានសប្ដាហ៍មុនពួកគេក៏បានធ្លាក់ចេញពី UEFA Champions League ក្រោមស្នាដៃ Manchester City ទៀតផង។
យើងបានដឹងហើយថា Casemiro បានចូលរួមជាមួយ Manchester United ដោយផ្ទេរពី Real Madrid ក្នុងតម្លៃ 70 លានផោនកាលពីរដូវក្តៅឆ្នាំមុន។ គាត់នៅមានកុងត្រាជាមួយក្លឹបបិសាចក្រហម ដល់ឆ្នាំ 2026 ហើយប្រសិនបើក្លឹបបច្ចុប្បន្នអាចសម្រេចចិត្តអនុញ្ញាតឲ្យគាត់ចាកចេញ នោះតម្លៃផ្ទេរក៏មិនក្រោម 70 លានផោនដែរ។
ប្រភព: Sportskeeda