បាល់ទាត់អន្តរជាតិ
Napoli ចាប់អារម្មណ៍លើខ្សែបម្រើវ័យក្មេងរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន Thiago Almada

ថ្មីៗនេះក្លឹប Napoli ត្រូវបានគេរាយការណ៍ថា បានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើ Thiago Almada ដែលបច្ចុប្បន្នកំពុងប្រកបអាជីពនៅទឹកដីអាមេរិចជាមួយក្លឹប Atlanta United។ កីឡាករឆ្នើមរូបនេះ គឺជាកីឡាករវ័យក្មេងមួយរូបដែលត្រូវបានក្រុមជម្រើសជាតិអាហ្សង់ទីនកោះហៅ និងបានរួមដំណើរផ្សងព្រេង ដោយឈ្នះពាន World Cup នៅប្រទេសកាតាផងដែរ។
យ៉ាងណាមិញបច្ចុប្បន្ន Napoli កំពុងត្រៀមខ្លួនសម្រាប់ការលើកពាន Serie A ជាលើកទី 3 របស់ខ្លួននៅរដូវកាលនេះទៅហើយ ដោយពួកគេបានវ៉ាដាច់ពិន្ទុពីក្រុមលេខ 2 Lazio រហូតដល់ 18 ពិន្ទុឯណោះ។ ពួកគេត្រូវការឈ្នះលើក្លឹប Udinese នៅថ្ងៃព្រហស្បតិ៍នេះមួយទៀតប៉ុណ្ណោះ នោះនឹងអាចលើកពានមុនបិទរដូវកាលតែម្ដង។
ថ្វីត្បិតតែបច្ចុប្បន្ន Napoli មានទម្រង់លេងដ៏លេចធ្លោរខ្លាំងក៏ដោយ លោក Luciano Spalletti ដែលជាគ្រូបង្វឹករបស់ក្លឹប កំពុងកំណត់គោលដៅចង់បានខ្សែបម្រើ Thiago Almada ដោយគាត់ជឿជាក់ថា កីឡាកររូបនេះនឹងអាចច្នៃប្រឌិត ក្លាយជាគ្រាប់ពេញដ៏មានតម្លៃ និងជាអនាគតដ៏ត្រចះត្រចង់សម្រាប់ក្លឹបទៅថ្ងៃក្រោយបាន។
ប្រភព: Mscfootball