Connect with us

បាល់ទាត់អន្តរជាតិ

ប្រធាន​ក្លឹប Napoli បង្ហើប​ថា ខ្លួន​ស្ទើរ​តែ​ទិញ​បាន Haaland ទៅ​ហើយ កាល​ពី​គេ​លេង​នៅ Red Bull Salzburg

Published

on

ប្រធាន​ក្លឹប Napoli គឺ​លោក Aurelio De Laurentiis បាន​បង្ហើប​ថា ក្នុង​រដូវ​រងារ​ឆ្នាំ 2020 គាត់​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ក្នុង​ការ​ទិញ​យក​កីឡាករ​សញ្ជាតិ​ន័រវេស Erling Haaland ពី​ក្លឹប Red Bull Salzburg។

យ៉ាង​ណា​មិញ Laurentiis បាន​ប្រាប់​ទៅ​កាន់ Football Italia ថា៖ “ខ្ញុំ​ជិត​ទិញ​បាន Erling Haaland ពី Salzburg ទៅ​ហើយ ក្នុង​តម្លៃ 50 លានអឺរ៉ូ។ សំណើរ​ជា​ផ្លូវការណ៍​បាន​ត្រៀម​រួចរាល់​ហើយ ប៉ុន្តែ​លោក Mino Raiola (ភ្នាក់ងារ​កីឡាករ) បាន​ប្រាប់​ខ្ញុំ​ថា កុំព្យាយាម​ចុះ​ហត្ថលេខា​លើ Haaland ព្រោះ​គេ​បាន​រៀប​គម្រោង សម្រាប់​ជំហាន​បន្ទាប់​របស់​គាត់​រួច​ហើយ”។

នៅ​ទី​បំផុត Haaland បាន​ផ្ទេរ​ពី Red Bull Salzburg ទៅ Borussia Dortmund ក្នុង​តម្លៃ​ត្រឹមតែ 20 លានអឺរ៉ូ​ប៉ុណ្ណោះ។ ក្នុង​អំឡុង​ពេល​ប្រកប​អាជីព​ជាមួយ​ក្លឹប​អាឡឺម៉ង់ Haaland បាន​ស៊ុត​បញ្ចូលទី​សរុប 86 គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន 89 ប្រកួត ហើយ​នៅ​រដូវ​ក្តៅ​ឆ្នាំ 2022 គាត់​បាន​ផ្ទេរ​ទៅ Manchester City ក្នុង​តម្លៃ 60 លានអឺរ៉ូ។

ខ្សែប្រយុទ្ធ​ឆ្នើម​រូប​នេះ​ត្រូវ​បាន​ក្លឹប​ធំៗ​ជា​ច្រើន​ចាប់​អារម្មណ៍​ខ្លាំង នៅ​ពេល​ដែល​គាត់​លេង​ឲ្យ​ក្លឹប Red Bull Salzburg ដោយ​កីឡាករ​ឆ្នើម​រូបនេះ​លេង​បាន​តែ 27 ប្រកួត​ប៉ុណ្ណោះ ប៉ុន្តែ​រក​បាន​គ្រាប់​បាល់​រហូត​ដល់ 39 គ្រាប់។ ជា​ពិសេស នៅ​ក្នុង​វគ្គ​ចែកពូល UEFA Champions League ពេល​នោះ គាត់​បាន​ស៊ុត​បញ្ចូល​ទី​រហូត​ដល់ 8 គ្រាប់ ក្នុង​ការ​ប្រកួត​ចំនួន​ចំនួន 6 ប្រកួត។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២