បាល់ទាត់អន្តរជាតិ
អតីតកីឡាករ Real Madrid ម្នាក់លើកឡើងថា ទោះមាន រឺគ្មាន Messi ក៏ដោយ Barcelona នៅតែមិនអាចឈ្នះពាន UCL

អតីតកីឡាករម្នាក់របស់ក្លឹប Real Madrid លោក Gutierrez Hernandez ដែលត្រូវបានគេស្គាល់ឈ្មោះហៅក្រៅថា Guti បានប្រាប់ដល់កំពូលតារាឆ្នើមរបស់ក្លឹប Paris Saint-Germain គឺកីឡាករ Lionel Messi កុំឲ្យជឿតាមការល្បួងពីអតីតក្លឹបចាស់ Barcelona សម្រាប់ការវិលត្រឡប់មកវិញនៅរដូវក្តៅនេះ។
គ្មានអ្វីត្រូវបានលាក់បាំងទៀតឡើយសម្រាប់ Messi នៅរដូវកាលក្រោយដែលគាត់នឹងចាកចេញពីក្លឹបយក្សបារាំង PSG នៅពេលកុងត្រារបស់ខ្លួនផុតកំណត់។ សម្រាប់គម្រោងបន្ទាប់ពីការចាកចេញ យើងមិនទាន់ដឹងថា Lionel Messi នឹងចូលរួមជាមួយក្លឹបណាបន្តទៀតឡើយ ប៉ុន្តែពាក្យចចាមអារ៉ាមថ្មីៗនេះបានអះអាងថា គាត់កំពុងត្រៀមវិលត្រឡប់ទៅទឹកដីអេស្ប៉ាញវិញដើម្បីចូលរួមជាមួយក្លឹបចាស់ Barcelona។
ទន្ទឹមនឹងនេះដែរ Guti ដែលធ្លាប់បានឈ្នះពាន 15 ដង ក្នុងអំឡុងពេលលេងជាមួយ Real Madrid បាននិយាយថា Messi មិនគួរសូម្បីតែគិតអំពីការវិលត្រឡប់ទៅកាន់ Camp Nou វិញ ដោយអះអាងថា ការវិលត្រឡប់ទៅ Barcelona វិញនៅពេលនេះមិនមែនជារឿងត្រឹមត្រូវនោះទេ។ អតីតកីឡាករឆ្នើមរូបនេះបានថ្លែងទៅកាន់សារព័ត៌មានអេស្ប៉ាញ Barca Universal ថា៖ “ប្រសិនបើខ្ញុំជា Messi ខ្ញុំនឹងមិនត្រឡប់ទៅ Barcelona វិញទេ។ គាត់បានសម្រេចនូវអ្វីៗគ្រប់យ៉ាងនៅទីនោះរួចហើយ…។ ពេលនេះ ទោះមាន រឺគ្មានគាត់ក៏ដោយ Barcelona នៅតែមិនអាចឈ្នះពាន UEFA Champions League ដដែល”។
ប្រភព: Dailypost NG