បាល់ទាត់អន្តរជាតិ
Kimmich ចង់ចាកចេញពី Bayern Munich ទៅចូលរួមជាមួយ Barcelona

ក្លឹបអ្នកមានបុណ្យ Barcelona កំពុងផ្សារភ្ជាប់ជាមួយនឹងការផ្ទេរខ្សែបម្រើកណ្ដាល Joshua Kimmich របស់ Bayern Munich ដែលកីឡាករសញ្ជាតិអាឡឺម៉ង់រូបនេះ ត្រូវបានគេដឹងថា កំពុងមានគម្រោងក្នុងការចាកចេញពីក្លឹបបច្ចុប្បន្នរបស់ខ្លួននៅចុងបញ្ចប់នៃរដូវកាលនេះ។
យោងតាមរបាយការណ៍របស់ Mundo Deportivo បានឲ្យដឹងថា Kimmich កំពុងពិចារណាជាមួយនឹងការចាប់ផ្តើមការប្រកួតប្រជែងថ្មី ដែលផ្សេងពីទឹកដីកំណើតរបស់ខ្លួន ហើយក្លឹបដែលគាត់ចង់លេងជាមួយនោះគឺ Barcelona។ ទន្ទឹមនឹងនេះដែរ Joshua Kimmich ត្រូវបានគេដឹងថា មិនសូវមានទំនាក់ទំនងល្អជាមួយគ្រូបង្វឹកថ្មីលោក Thomas Tuchel ឡើយ។
ក្លឹប FC Barcelona និងគ្រូបង្វឹកលោក Xavi Hernandez ត្រូវបានគេដឹងថា ពេញចិត្តនឹងកីឡាករសញ្ជាតិអាឡឺម៉ង់រូបនេះផងដែរ និងជាពិសេសគាត់អាចក្លាយជាបេក្ខភាពដ៏សាកសមបំផុតក្នុងការជំនួសកន្លែងរបស់ Sergio Busquets។ យ៉ាងណា Barcelona កំពុងតែជួបការលំបាកផ្នែកហិរញ្ញវត្ថុ ហើយអាចនឹងពិបាកក្នុងការបញ្ចុះបញ្ចូល Bayern Munich ឲ្យលក់ Kimmich ទៅឲ្យពួកគេ ដូចពេលដែលពួកគេបានធ្វើចំពោះ Robert Lewandowski។
កីឡាករវ័យ 28 ឆ្នាំរូបនេះនៅមានកុងត្រាជាមួយ Bayern Munich រហូតដល់ឆ្នាំ 2025 ប៉ុន្តែខ្សែបម្រើរូបនេះត្រូវបានគេដឹងថា នឹងមានជម្រើសនៃការទិញផ្ដាច់កុងត្រាថោកជាងខ្សែបម្រើ Martin Zubimendi ដែល Barcelona ចង់បានដូចគ្នា។
ប្រភព: Barcablaugranes