បាល់ទាត់អន្តរជាតិ
Manchester United និងតោខៀវ Chelsea កំពុងស៊ើបសួរពីតម្លៃផ្ទេររបស់ Lautaro Martinez

របាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា ក្លឹបយក្សពីរនៅអង់គ្លេសដែលមាន Manchester United និងតោខៀវ Chelsea កំពុងសិក្សាពីស្ថានភាព និងតម្លៃផ្ទេរដែលអាចទៅរួចសម្រាប់ខ្សែប្រយុទ្ធ Lautaro Martinez។ យ៉ាងណាមិញ Inter Milan ត្រូវបានគេដឹងថា នឹងទទួលយកសំណើរជាទឹកប្រាក់ 69.5 លានផោន ក្នុងការលក់ខ្សែប្រយុទ្ធឆ្នើមរូបនេះ។
Lautaro Martinez ដែលបច្ចុប្បន្នមានវ័យ 25 ឆ្នាំ កំពុងមានទម្រង់លេងគួរឲ្យចាប់អារម្មណ៍ខ្លាំង សម្រាប់ Inter Milan ក្នុងយុទ្ធនាការរដូវកាលឆ្នាំ 2022-2023 នេះ ដោយស៊ុតបញ្ចូលទីបាន 25 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន 10 ដង ក្នុងការបង្ហាញខ្លួន 52 ប្រកួតនៅគ្រប់ព្រឹត្តិការណ៍ទាំងអស់របស់ក្លឹប។
ទាំង Manchester United និង Chelsea ត្រូវបានគេដឹងថា កំពុងមានការចាប់អារម្មណ៍ខ្លាំងលើតារាឆ្នើមអាហ្សង់ទីនរូបនេះ ខណៈដែលកុងត្រារបស់គាត់នៅ 3 ឆ្នាំទៀតជាមួយ Inter Milan។ កន្លងមកខាងភាគីក្លឹបបានច្រានចោលសំណើរពីក្លឹបទាំងឡាយដែលចង់បាន Lautaro Martinez ដោយពួកគេមិនលក់កីឡាកររបស់ខ្លួនរូបនេះឡើយ។ យ៉ាងណាក្ដី ថ្មីៗនេះយោងតាមរបាយការណ៍ពី Football Insider បានឲ្យដឹងថា Inter Milan នឹងអនុញ្ញាតឲ្យ Lautaro Martinez ចាកចេញបាននៅចុងរដូវកាលនេះ ប្រសិនបើពួកគេទទួលបានសំណើរជាទឹកប្រាក់ 69.5 លានផោន។
ប្រភព: Sportsmole