បាល់ទាត់អន្តរជាតិ
UEFA ចោទប្រកាន់ Jose Mourinho ពាក់ព័ន្ធនឹងការជេរអាជ្ញាកណ្ដាល

ថ្មីៗនេះ លោក Jose Mourinho ដែលជាគ្រូបង្វឹករបស់ក្លឹប AS Roma ត្រូវបាន UEFA ចោទប្រកាន់ពីបទជេរប្រមាថ និងប្រើពាក្យមិនសមរម្យ ទៅលើអាជ្ញាកណ្ដាល ក្នុងអំឡុងពេល និងបន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League ទល់នឹង Sevilla កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។
ដោយឡែក Mourinho បានខឹងនឹងអាជ្ញាកណ្តាលលោក Anthony Taylor ស្ទើរពេញមួយប្រកួត ក្នុងវគ្គផ្តាច់ព្រ័ត្រ Europa League ដែលធ្វើឡើងនៅ Puskas Arena Park ក្នុងប្រទេសហុងគ្រី ខណៈដែលក្លឹប AS Roma របស់គាត់បានចាញ់ Sevilla តាមរយៈបាល់ប៉េណាល់ទិកាត់សេចក្ដី 4-1 ផងដែរ។
យោងតាមសារព័ត៌មាន Sky Sports បានរាយការណ៍ថា គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះត្រូវបាន UEFA ចោទប្រកាន់ពី ការប្រើប្រាស់ពាក្យជេរប្រមាថមិនសមរម្យលើលោក Anthony Taylor ដែលជាអាជ្ញាកណ្ដាលកាត់សេចក្ដីនៅក្នុងការប្រកួត។ យ៉ាងណាព័ត៌មានលម្អិតនៃការចោទប្រកាន់នេះ មិនទាន់ត្រូវបានលាតត្រដាងជាផ្លូវការណ៍នៅឡើយទេ ប៉ុន្តែសកម្មភាពមិនពេញចិត្តរបស់លោក Mourinho អំឡុងពេលប្រកួតនោះ យើងអាចវិនិច្ឆ័យឃើញជាក់ស្ដែងបាន។
លើសពីនេះទៅទៀត នៅក្រោយពេលចប់ការប្រកួត អតីតគ្រូបង្វឹករបស់ក្លឹប Real Madrid និង Inter Milan រូបនេះបានបន្តរិះគន់ការកាត់សេចក្ដីរបស់អាជ្ញាកណ្តាលដោយបង្កប់នូវចេតនាថា មិនចង់ឃើញអាជ្ញាកណ្ដាលដូចលោក Anthony Taylor បង្ហាញខ្លួនក្នុងការប្រកួតវគ្គផ្ដាច់ព្រ័តនៃពានរង្វាន់ធំៗរបស់ទ្វីបអ៊ឺរ៉ុបឡើយ។
ប្រភព: Dailypost NG