Connect with us

បាល់ទាត់អន្តរជាតិ

Jose Mourinho ប្រាប់​ឈ្មោះ​កីឡាករ​ឆ្នើម​មួយ​រូប ដែល​គាត់​ចង់​បង្វឹក​បំផុត!!!

Published

on

អតីត​គ្រូ​បង្វឹក​របស់​ក្លឹប​បិសាចក្រហម Manchester United និង​តោខៀវ Chelsea លោក Jose Mourinho បាន​សរសើរ​កីឡាករ​ឆ្នើម​របស់​ក្លឹប Inter Miami គឺ​កីឡាករ Lionel Messi ដោយ​បាន​សារ​ភាព​ថា Messi ជា​មនុស្ស​ម្នាក់​ដែល​គាត់​ចង់​ដឹកនាំ​បំផុត​ក្នុង​អាជីព​របស់​ខ្លួន តែ​ខ្សែប្រយុទ្ធ​រូប​នេះ​មិន​ចាំ​បាច់​ត្រូវ​ការ​គេ​បង្វឹក​ក៏​បាន​ដែរ។

នៅ​ពេល​ត្រូវ​បាន​គេ​សួរ​ថា តើ​នរណា​ដែល​គាត់​ចង់​ធ្វើ​ការ​ជាមួយ​បំផុត ក្នុង​នាម​ជា​គ្រូ​បង្វឹក​ម្នាក់? ពេល​នោះ Jose Mourinho បាន​ឆ្លើយ​តប​ថា៖ “ជា​ឧទាហរណ៍ ខ្ញុំ​មិន​ដែល​បង្វឹក Lionel Messi ទេ ប៉ុន្តែ​បន្ទាប់​មក​គ្មាន​នរណា​ម្នាក់​អាច​បង្ហាត់ Messi បាន​ទេ។ វា​ជា​រឿង​មិន​ទំនង​ទាល់តែ​សោះ​ដែល​អ្នក​អាច​បង្វឹក​គាត់​បាន ព្រោះ​គាត់​កើត​មក​មាន​អ្វីៗ​គ្រប់​យ៉ាង ហើយ​ដឹង​គ្រប់​យ៉ាង​រួច​ទៅ​ហើយ។ គាត់​ប្រហែល​ជា​បង្រៀន​អ្នក​ពី​រឿង​ខ្លះ​ទៅ​វិញ។ អ្វី​ដែល​អ្នក​អាច​និយាយ​បាន​គឺ​ថា អ្នក​មាន​កិត្តិយស​ដែល​មាន​គាត់​ក្នុង​ក្រុម​របស់​អ្នក”។

យ៉ាង​ណា​មិញ បច្ចុប្បន្ន Lionel Messi ត្រូវ​បាន​គេ​ចាត់​ទុកថា ជា​កីឡាករ​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ទៅ​ហើយ​បន្ទាប់​ពី​គាត់​បាន​ឈ្នះពាន​គ្រប់​យ៉ាង​ក្នុង​អាជីព​របស់​ខ្លួន។ Messi ត្រូវ​បាន​គេ​គិត​ថា បាន​យក​ឈ្នះគូ​ប្រជែង​របស់​គាត់ Cristiano Ronaldo ផង​ដែរ។ កីឡាករ​វ័យ 36 ឆ្នាំ រូប​នេះ​ស៊ុតបញ្ចូលទី​បាន 715 គ្រាប់ ក្នុង​កម្រិត​ក្លឹប​អាជីព ហើយ​ក្នុង​នោះ​មាន 672 គ្រាប់ ជា​ការ​ស៊ុត​បញ្ចូលទី​នៅ​អតីត​ក្លឹប​​ចាស់ FC Barcelona។

ប្រភព: Sportskeeda

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២