Connect with us

បាល់ទាត់អន្តរជាតិ

អ្នក​តំណាង​របស់ Mourinho កំពុង​ទាក់ទង Barcelona ជុំ​វិញ​តំណែង​ជា​គ្រូ​បង្វឹក​ថ្មី​ជំនួស Xavi

Published

on

លោក Jorge Mendes ដែល​ជា​ភ្នាក់ងារ ក៏​ដូច​ជា​អ្នក​តំណាង​របស់​លោក Jose Mourinho ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ទាក់ទង​ទៅ​ក្លឹប Barcelona ជុំ​វិញ​តំណែង​ជា​គ្រូ​បង្វឹក​ថ្មី​នៅ Camp Nou។ យ៉ាង​ណា​មិញ បច្ចុប្បន្ន Barcelona កំពុង​ស្វែងរក​គ្រូ​បង្វឹក​ថ្មី ឲ្យ​បាន​មុន​រដូវកាល​ថ្មី 2024-2025 ចាប់​ផ្ដើម។

គ្រូ​បង្វឹក​បច្ចុប្បន្ន​របស់​ពួក​គេ​គឺ​លោក Xavi Hernandez បាន​ប្រកាស​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​ថា គាត់​បាន​សម្រេច​ចិត្ត​រួច​ហើយ ក្នុង​ការ​ចាកចេញ​ពី​ក្លឹប​យក្ស​កាតាឡាន់​នៅ​ចុង​បញ្ចប់​នៃ​យុទ្ធនាការ​រដូវកាល​ឆាប់ៗ​ខាង​មុខ ខណៈ​ដែល​ទម្រង់​លេង​របស់​ក្រុម​ប្រហែល​ជា​មិន​អាច​ប្រជែង​ពាន La Liga បាន​ឡើយ​នៅ​រដូវកាល​នេះ។

មាន​គ្រូ​បង្វឹក​ជា​ច្រើន ត្រូវ​បាន​ផ្សារ​ភ្ជាប់​នឹង​តំណែង​ជា​គ្រូ​បង្វឹក​ថ្មី​របស់ Barcelona។ ដោយ​ឡែក​សម្រាប់​លោក Jose Mourinho ក៏​កំពុង​ទំនេរ​ពី​ការងារ​ផង​ដែរ បន្ទាប់​ពី​ត្រូវ​បាន​អតីត​ក្លឹប​ចាស់ AS Roma បណ្ដេញ​គាត់​ចេញ​ពី​តំណែង​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន។

យោងតាម​សារព័ត៌មាន ABC របស់​អេស្ប៉ាញ បានឲ្យ​ដឹង​ថា ភ្នាក់ងារ​របស់ Jose Mourinho គឺ​លោក Jorge Mendes បាន​ផ្ដល់​ជម្រើស​គ្រូ​បង្វឹក​រូប​នេះ ទៅ​កាន់​ក្លឹប Barcelona ខណៈ​ដែល​ក្លឹប​កំពុង​ស្វែងរក​អ្នក​ស្នង​តំណែង​របស់ Xavi ឲ្យ​បាន​កាន់តែ​លឿន​តាម​ដែល​អាច​ទៅ​រួច។

ដូចគ្នា​នេះ​ដែរ គេ​បាន​ដឹង​ថា នាយក​ផ្នែក​កីឡា​របស់ Barcelona គឺ​លោក Deco ជា​អ្នកគាំទ្រ​ចង់​បាន​គ្រូ​បង្វឹក​វ័យ 61 ឆ្នាំ Jose Mourinho ព្រោះ​អ្នក​ទាំង 2 ក៏​មាន​សញ្ជាតិ​ព័រទុយហ្គាល់​ដូច​គ្នា ហើយ​គ្រូ​បង្វឹក​រូប​នេះ​ក៏​ធ្លាប់​បាន​កសាង​សមិទ្ធិផល​ដ៏​អស្ចារ្យ​ជា​ច្រើន​ក្នុង​ពិភព​បាល់ទាត់​ផង​ដែរ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២